ខេត្តហ៊្វូជៀន នឹងបង្កើតការិយាល័យពាណិជ្ជកម្មនៅភ្នំពេញ
ភ្នំពេញ៖ ខេត្តហ៊្វូជៀននៃសាធារណរដ្ឋប្រជាមានិតចិន និងរាជធានីភ្នំពេញ ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាកាលពីឆ្នាំ២០២១ ភាគីចិននឹងបង្កើតការិយាល័យពាណិជ្ជកម្មនៅរាជធានីភ្នំពេញ ដើម្បីជំរុញទំហំនៃការវិនិយោគឱ្យកាន់តែមានកម្រិតធំជាងមុនបន្ថែមទៀត បើទោះបីខេត្តហ៊្វូជៀនបានវិនិយោគច្រើនរួចមកហើយក៏ដោយ។
អាន៖ផែនការបង្កើតការិយាល័យពាណិជ្ជកម្មនៅរាជធានីភ្នំពេញនេះជាការបង្ហាញឱ្យដឹងក្នុងជំនួបសម្ដែងការគួរសមនៅសាលារាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ រវាងឯកឧត្តម ឃួង ស្រេង អអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ហ្វាង ឈុន (Huang Chun)ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ជនជាតិចិន នៅបរទេសកិច្ចការបរទេស ជនជាតិភាគតិច និងសាសនានៃសភាប្រជាជនខេត្តហ៊្វូជៀន ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដែលត្រូវបានពង្រីកជាច្រើនដង ។ រាជធានីភ្នំពេញ មានរោងចក្រវាយនភណ្ឌជាច្រើន មានកម្មករ កម្មការិនី បម្រើនៅក្នុងរោងចក្រប្រមាណ ៦០ម៉ឺននាក់។ នៅថ្ងៃអនាគត រាជធានីភ្នំពេញនឹងងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញ-ចូល ដោយកម្ពុជា បានកំពុងជីកព្រែកហ្វូណនតេជោ ដែលទំនិញទាំងនោះយើងនឹងត្រូវដឹកជញ្ជូនតាមផ្លូវទឹកនេះនាពេលខាងមុខ។ ដូច្នេះឯកឧត្ដម ស្នើសុំឱ្យខេត្តហ្វ៊ូជៀន បន្តការវិនិយោគនៅរាជធានីភ្នំពេញឱ្យកាន់តែច្រើនបន្ថែមទៀត ។
ចំណែកខេត្តហ្វ៊ូជៀនឯណោះវិញ គឺជាខេត្តមួយនៅជាប់នឹងមាត់សមុទ្រវែងជាងគេមានផ្ទៃដីទំហំ ១២.៤គីឡូម៉ែត្រការ៉េ មានទីក្រុងចំនួន៩ មានប្រជាពលរដ្ឋចំនួន ៤២លាននាក់ ។ សម្រាប់ GDP ខេត្ត នៅក្នុងឆ្នាំ២០២៤ មានទំហំទឹកប្រាក់ប្រមាណ ៥.៧០០ប៊ីលានយន់ ឬ ស្មើនឹង ៩០០ប៊ីលានដុល្លារអាម៉េរិក ។ ក្នុងប្រជាពលរដ្ឋម្នាក់មាន GDP ប្រហែល ៤.៨ម៉ឺនយន់ ឬ ស្មើនឹង ៨.០០០ដុល្លារ។
ឯកឧត្តម ហ្វាង ឈុន (Huang Chun)បានលើកឡើងថា ជនជាតិចិននៅទីក្រុងហ្វ៊ូជៀន បានមករកស៊ីនៅកម្ពុជា មានជាង២០ម៉ឺននាក់ ស្មើនឹងជាង ១០០ក្រុមហ៊ុន ។ ដើម្បីជំរុញឱ្យការវិនិយោគកាន់តែប្រសើរឡើងថែមទៀត រាជធានីភ្នំពេញ និង ខេត្តហ្វ៊ូជៀន បានឯកភាពគ្នាបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្មមួយនៅរាជធានីភ្នំពេញនាពេលខាងមុខនេះ។ដោយឡែកប្រតិភូដែលអញ្ជើញមកនេះ ក៏ជាអ្នកវិនិយោគនៅរាជធានីភ្នំពេញផងដែរ ដូច្នេះ ឯកឧត្ដម ជំរុញឱ្យវិនិយោគគិនទាំងអស់បន្តការផ្សព្វផ្សាយនិងកៀរគរអ្នកវិនិយោគទុននៅខេត្តហ្វ៊ូជៀន ឱ្យមកវិនិយោគនៅរាជធានីភ្នំពេញកាន់តែច្រើនបន្ថែមទៀត៕





អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ហេង សម្បត្តិ និង ថេត វិចិត្រ