“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា”លើកទី១៨ បង្ហាញពីសក្តានុពលផលិតផលខ្មែរ
ភ្នំពេញ៖ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា”លើកទី១៨ ឆ្នាំ២០២៥ ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក”បានបើកសម្ពោធកាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
“ពិព័រណ៍ពាណិជ្ជកម្មប្រចាំឆ្នាំដែលមានរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី៤ ខែធ្នូដល់ថ្ងៃទី៧ ខែធ្នូ រៀបចំឡើងនៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។នាពេលសម្ពោធមានការអញ្ជើញចូលរួមពីមន្រ្តតំណាង ក្រសួង ស្ថាប័ន អង្គទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។
ក្នុងព្រឹត្តិការណ៍នេះមានស្តង់តាំងបង្ហាញចំនួន ២៥០ស្តង់ក្នុងនោះ ៦០ភាគរយ គឺជាផលិតផលខ្មែរ និងបន្ថែមដោយស្តង់ផលិតផលពីប្រទេសមួយចំនួន។
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ឆ្នាំ២០២៥ រៀបចំឡើងស្របជាមួយនឹងការគាំទ្រផលិតផលខ្មែរពីសំណាក់ប្រជាពលរដ្ឋខ្មែរ ។ពិព័រណ៍នេះមានតាំងបង្ហាញផលិតផលជាច្រើនរួមមាន ផលិតផលដែលមានគុណភាពខ្ពស់របស់ខ្មែរ និងផលិតផលសម្រាប់ការនាំចេញរបស់កម្ពុជា ផលិតផលកម្មន្តសាល ផលិតផលសិប្បកម្ម ផលិតផលកសិកម្ម និងសេវាកម្ម។ ជាមួយគ្នានេះក៏មានការតាំងទំនិញនាំចូលដ៏សម្បូរបែបផងដែរ។
ពិព័រណ៍ពាណិជ្ជកម្មលើកទី១៨នេះ ក៏មានអមដោយការរៀបចំផ្សេងៗទៀតដូចជា វេទិកាស្តីពីការការនាំចេញរបស់កម្ពុជា, កម្មវិធីជំនួបពាណិជ្ជកម្មស្តីពីការអភិវឌ្ឍទីផ្សារផលិតផលសក្តានុពលកម្ពុជា, វេទិកាប្រកួតប្រជែងសិស្សនិស្សិត, វេទិកាអប់រំ យុវជនក្នុងវិស័យពាណិជ្ជកម្ម៖ «ជំរុញការយល់ដឹងអំពីគោលនយោបាយពាណិជ្ជកម្មសម្រាប់អនាគតអ្នកដឹកនាំបន្តវេនក្នុងវិស័យនាំចេញ នាំចូល»,កិច្ចប្រជុំពិភាក្សាស្តីពីការសម្រួលការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការប្រគំតន្រ្តីជាដើម។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលអញ្ជើញសម្ពោធកម្មវិធីមានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៍នេះ មានភាពច្នៃប្រឌិត រស់រវើក និងសម្បូរបែប និង រៀបចំទាន់សភាពការណ៍បច្ចុប្បន្ន ហើយក៏ជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម កម្រិតអន្តរជាតិដ៏ធំមួយប្រចាំឆ្នាំ ដែលរាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួង ពាណិជ្ជកម្មជាសេនាធិការ។ពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណងជំរុញលើកកម្ពស់ និងបង្ហាញផលិតផល និងសេវាកម្មសក្តានុពលរបស់កម្ពុជា, តភ្ជាប់ទីផ្សារក្នុងស្រុក, បង្កើតឱកាសក្នុងការផ្គូផ្គងរវាងធុរជនក្នុងស្រុក និងអន្តរជាតិ និងផ្សព្វផ្សាយពី កាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
ឯកឧត្តមបន្ថែមថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងក្លាយជាចលករក្នុងការបង្កើនល្បឿន និងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងប្រទេស និង តភ្ជាប់ទីផ្សារក្នុងស្រុកបន្ថែមទៀត ដើម្បីផ្តល់ឱកាសឱ្យផលិតករកម្ពុជាមានទីផ្សារ និងឈានទៅការពង្រឹងសមត្ថភាពនៃការផលិតរបស់ខ្លួនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុង ស្រុកជំនួសឱ្យផលិតផលនាំចូលជាបណ្តើរៗ។
សូមជម្រាបថា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo)» ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» ដែលរៀបចំឡើងនៅឆ្នាំ២០០៦មក ដោយទទួលបានជោគជ័យចំនួន១៧លើកមកហើយ។ ការផ្លាស់ប្តូរឈ្មោះពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល ក្នុងគោលបំណងធ្វើឱ្យឈ្មោះពិព័រណ៍នេះ កាន់តែមានភាពសាមញ្ញ ឆ្លុះបញ្ចាំងពី គោលគំនិតនៃឧត្តមភាព និងប្រកបដោយភាពទាក់ទាញក្នុងទីផ្សារសម័យថ្មី ដែលមានភាពរស់រវើក និងការយកចិត្ត ទុកដាក់លើគុណភាពខ្ពស់ និងភាពសាមញ្ញ៕








ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា