ប៉ូឡូញ ទារជំងឺចិត្តក្នុងសង្គ្រាមលោកលើកទី២ ពីអាល្លឺម៉ង់ ពេលជជែករកផ្លូវជួយអ៊ុយក្រែន
ប៊ែរឡាំង ៖ ក្នុងពេលពិភាក្សាគ្នារកវិធីសាស្រ្តជួយដល់ប្រទេសអ៊ុយក្រែន នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានបង្កើនសំឡេង តឹងសសៃក ដាក់លោក Friedrich Merz ទាមទារសំណងជំងឺចិត្តអំឡុងសង្គ្រាមលោកលើកទី២ ពីអាល្លឺម៉ង់។ ការវែកញែកបែកសាច់រឿង ចូលដល់ប្រធានបទយ៉ាងក្តៅគគុកនេះ កើតឡើងពីភាពខ្វែងគំនិតគ្នារវាងមេដឹកនាំដ៏មានឥទ្ធិពលទាំងពីរ រឿងវិធីសាស្រ្តជួយដល់ប្រទេសអ៊ុយក្រែន ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។
ពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃអង្គារ, ពួកលោកបានប្តេជ្ញាថា នឹងឯកភាពលើកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រ សម្រាប់អ៊ុយក្រែន ព្រមទាំងសន្យាជួសជុលទំនាក់ទំនងទ្វេភាគី ដែលធ្លាប់មានរបួសចាស់ ផងដែរ។ ប៉ុន្តែ បន្តិចក្រោយមក, មេដឹកនាំទាំងពីរ ស្រាប់តែចំណាយពេលជជែកវែកញែក អំពីរបៀបដែលអាឡឺម៉ង់ គួរតែព្យាយាមបង្កើតសកម្មភាពរបស់ខ្លួន ជុំវិញអំឡុងសង្គ្រាមលោកលើកទី២ ។
ជម្លោះពាក្យសម្តី បានផ្តើមចេញពី ប៉ូឡូញដែលបានរម្លឹកឡើងវិញ អំពីការទាមទារសំណងជំងឺចិត្ត ពីប្រទេសអាល្លឺម៉ង់ នូវទឹកប្រាក់ចំនួន ១.៣ពាន់ពាន់លានអឺរ៉ូ សម្រាប់ការកាន់កាប់លើប្រទេសប៉ូឡូញ ពីឆ្នាំ ១៩៣៩ ដល់ ១៩៤៥។ ប៉ុន្តែ ជាអ្វីដែលទីក្រុងប៊ែរឡាំង បាននិយាយ ម្តងហើយម្តងទៀតថា បញ្ហានេះត្រូវបានបិទបញ្ចប់ ដោយស្របច្បាប់រួចរាល់អស់ហើយ។
ជាការរម្លឹកឡើងវិញ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយ ហាក់រម្លឹកពីរឿងអតីតកាល ដែលថា «យើងត្រូវតែរក្សាការចងចាំ រហូត សូម្បីតែការឈឺចាប់ក៏ដោយ ហើយ សង្ឃឹមថា ប្រទេសទាំងពីរ ពុំមានការខ្វែងគំនិតគ្នា ហើយ ធ្វើឱ្យទំនាក់ទំនង កាន់តែជិតស្និទ្ធ ជាមួយគ្នា»។
យ៉ាងណា នាយករដ្ឋមន្ត្រីប៉ូឡូញ ស្រាប់តែបានរិះគន់ តក្កវិជ្ជារបស់អាល្លឺម៉ង់ ចំពោះការបដិសេធ មិនផ្តល់សំណងសង្រ្គាម ដល់ ប៉ូឡូញ។ លោក Tusk បាននិយាយថា «យើងទាំងអស់គ្នា នៅក្នុងប្រទេសជឿជាក់ថា ប៉ូឡូញមិនបានទទួលសំណងសម្រាប់ការខាតបង់ និងឧក្រិដ្ឋកម្មនៃសង្គ្រាម លោកលើកទី២»។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន Politico, ចាប់តាំងពីជាប់ឆ្នោត ឡើងវិញ កាលពីឆ្នាំ២០២៣, លោក Tusk មិនដែលបានបញ្ជាក់ ពីការទាមទារសំណងទេ ប៉ុន្តែ ក្រោយពេលរងសំពាធពីបក្សប្រឆាំង, លោកបានរម្លឹកពីរឿងនេះ ឡើងវិញ។ លោក Tusk ថែមទាំងបានរិះគន់ អំណះអំណាងរបស់អាល្លឺម៉ង់ ដែលថា ប៉ូឡូញបានលះបង់សិទ្ធិទទួលសំណង ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ នៅពេលដែលប្រទេសនេះ ស្ថិតនៅក្រោមការគ្រប់គ្រង របស់សហភាពសូវៀតទៀតផង។
យ៉ាងណា ក្រោយមក ដើម្បីបន្ធូរបន្ថយ ការអាក់អន់ចិត្ត របស់ប៉ូឡូញ, លោក Merz បាននិយាយថា អាល្លឺម៉ង់នឹងជំរុញគម្រោងសាងសង់ស្តូបអនុស្សាវរីយ៍ ឧទ្ទិសដល់ជនរងគ្រោះប៉ូឡូញ ពីពួកណាស៊ីអាល្លឺម៉ង់ នៅទីក្រុងប៊ែរឡាំង ហើយរដ្ឋាភិបាលប្តេជ្ញាប្រគល់វត្ថុបុរាណវប្បធម៌ប៉ូឡូញ ដែលប្លន់ ដោយពួកណាស៊ី។ អាល្លឺម៉ង់ក៏បានសន្យាថា នឹងពិនិត្យមើលលទ្ធភាពនៃការផ្តល់ការគាំទ្របន្ថែមទៀត ដល់ជនរងគ្រោះប៉ូឡូញ ពីការឈ្លានពានរបស់ណាស៊ី នេះបើយោងតាមសេចក្តីប្រកាសរួមមួយ។
ទោះបីជាមានការខ្វែងគំនិតគ្នាក៏ដោយ, លោក Merz និង លោក Tusk បាននិយាយថា ពួកលោកកំពុងមានទំនាក់ទំនង យ៉ាងជិតស្និទ្ធ លើការអភិវឌ្ឍ នៅក្នុងប្រទេសអ៊ុយក្រែន និង ការចរចាលើកិច្ចព្រមព្រៀងសន្តិភាព ដែលអាចធ្វើទៅបាន៕
ប្រភពពី Politico ប្រែសម្រួល ៖ សារ៉ាត