ឯកឧត្តម ហ៊ុន ម៉ានី សម្តែងនូវសេចក្តីសោមន្សរីករាយឥតឧបមា ក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកសមាគត នៃបណ្ឌិតសភាវិទ្យាសាស្ត្រ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈ ចូលរួមសម្តែងនូវសេចក្តីសោមន្សរីករាយឥតឧបមា ក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិតសភាវិទ្យាសាស្ត្រឯនាយសមុទ្រ នៅទីក្រុង ប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ហ៊ុន ម៉ានី សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្តី រំភើប និងអបអរសារទយ៉ាងជ្រាលជ្រៅជាទីបំផុត ដែលការយាងចូលជាសមាជិកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រឯនាយសមុទ្រនេះ បានធ្វើឱ្យព្រះរាជកិត្តិនាមរបស់ព្រះអង្គកាន់តែល្បីសុសសាយ ស្ញប់ស្ញែង ពោរពេញទៅដោយសេចក្តីគោរពស្រឡាញ់ពីសំណាក់ប្រជារាស្ត្រកម្ពុជា និងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទាំងមូល មានមោទនភាពទទួលបាននូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តមនៅលើឆាកជាតិនិងអន្តរជាតិ។
ឯកឧត្តម ហ៊ុន ម៉ានី សូមព្រះបរមរាជានុញ្ញាត បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមមេត្តាប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ និងទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀតក្នុងព្រះរាជបេសកកម្មថ្មីនេះ នៅក្នុងបណ្ឌិតសភាវិទ្យាសាស្ត្រឯនាយសមុទ្រ៕
ដោយ៖ពលជ័យ