អាមេរិក ព្រមលក់នាវាមុជទឹកនុយក្លេអ៊ែរ ៣ គ្រឿងឲ្យ អូស្រ្តាលី

វ៉ាស៊ីនតោន ៖ បន្ទាប់ពីចាយពេលពិចារណាអស់ ៥ ខែ ទីបំផុតអាមេរិកយល់ព្រមលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Virginia class ចំនួន ៣ គ្រឿងទៅឲ្យប្រទេសអូស្ត្រាលី ។

បើតាមទីភ្នាក់ងារព័ត៌មាន AFP, ដំណើការលក់នាវានេះនឹងចាប់ផ្ដើមក្នុងឆ្នាំ ២០៣២ ហើយនឹងធ្វើឡើងក្នុងរយៈពេល ១៥ ឆ្នាំ ដែលស្ថិតក្រោមកតិកាសញ្ញាសន្តិសុខ AUKUS មាន អាមេរិក អូស្រ្តាលី និងចក្រភពអង់គ្លេស ជាដៃគូ ។

លោក Sean Parnell អ្នកនាំពាក្យមន្ទីរបញ្ចកោណនិយាយថា កិច្ចព្រមព្រៀងលក់ដូរនេះធ្វើឡើង ស្របតាមគោលនយោបាយ «America First» របស់លោកប្រធានាធិបតីប្រធានាធិបតី Donald Trump ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីឧស្សាហកម្មការពារជាតិអូស្រ្តាលី លោក Pat Conroy ពិព័រណ៌នាកិច្ចព្រមព្រៀងនេះថា នឹងនាំមកនូវការវិវឌ្ឍន៍រីកចម្រើនពី ៣០ ទៅ ៤០ ឆ្នាំទៅមុខទៀត ។

បើតាម Economic Times, ស្ថិតក្រោមផែនការ AUKUS ដែលត្រូវបានប្រកាសនៅឆ្នាំ ២០២៣ អាមេរិកនឹងលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Virginia class ជាច្រើនគ្រឿងឱ្យទៅអូស្ត្រាលី ហើយក្រោយមក ចក្រភពអង់គ្លេស និងអូស្រ្តាលីនឹងចាប់ដៃគ្នាសាងសង់នាវាមុជទឹកថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យារបស់អាមេរិក ។

អូស្ត្រាលីបានសន្យាផ្តល់ប្រាក់ចំនួន ២៤០ ពាន់លានដុល្លារ ក្នុងរយៈពេល ៣០ឆ្នាំសម្រាប់កម្មវិធីនេះ ដែលក្នុងនោះការវិនិយោគប្រាក់រាប់ពាន់លានដុល្លារនឹងចាក់បញ្ចូលទៅក្នុងសង្វាក់ផលិតកម្មផលិតនាវាមុជទឹករបស់អាមេរិក ។

ការទិញនាវាមុជទឹក គឺជាចំណុចស្នូលនៃយុទ្ធសាស្ត្ររបស់អូស្ត្រាលី ដើម្បីកែលម្អសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួន នៅតំបន់ប៉ាស៊ីហ្វិក ជាពិសេសការប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិន ៕

ប្រភព ៖ AFP និង Economic Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner