ន័រវែស ចាយ ៦.៤ ពាន់លានដុល្លារ ទិញនាវាមុជទឹក និងមីស៊ីលបាញ់គោលដៅឆ្ងាយៗទប់ទល់រុស្ស៊ី

អូស្លូ ៖ ប្រទេសន័រវែសគ្រោងជះលុយដល់ទៅ ៦.៤ពាន់លានដុល្លារ បញ្ជាទិញនាវាមុជទឹកចំនួន ២គ្រឿង បន្ថែមពីលើ ៤គ្រឿងដែលបានបញ្ជាទិញរួចហើយពីក្រុមហ៊ុន TKMS របស់អាល្លឺម៉ង់ រួមទាំងមីស៊ីលបង្កើនសមត្ថភាពវាយប្រហារក្នុងចម្ងាយឆ្ងាយរបស់កងទ័ពន័រវែស។ នេះបើតាម Defense News ចុះផ្សាយក្នុងថ្ងៃសៅរ៍។

មូលហេតុដែលន័រវែសជះលុយរាប់ពាន់លានដុល្លារពង្រឹងវិស័យការពារជាតិ គឺមានគោលបំណងត្រៀមខ្លួនទប់ទល់ការបង្កហេតុណាមួយរបស់រុស្ស៊ី បន្ទាប់ពីមានយន្តហោះដ្រូន ដែលគេសង្ស័យជារបស់ទីក្រុងមូស្គូ តែងហោះរំលោភដែនអាកាសសម្ព័ន្ធមិត្តណាតូ។

ម្យ៉ាងវិញទៀត ន័រវែសក៏មានការព្រួយបារម្ភផងដែរថា រុស្ស៊ីនឹងប្តូរគោលដៅឈ្លានពានលើតំបន់បាល់ទិក បន្ទាប់ពីការដុតបញ្ឆេះភ្លើងសង្គ្រាមនៅអ៊ុយក្រែនរួច។ ហើយថ្មីៗនេះ មន្រ្តីអាល្លឺម៉ង់បានព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារលើអង្គការណាតូនៅឆ្នាំ២០២៩។

យោងតាមសេចក្តីថ្លែងការណ៍, រដ្ឋាភិបាលបានបញ្ជូនសំណើទិញនាវាមុជទឹកថែមនេះទៅកាន់សភារួចរាល់ហើយដើម្បីអនុម័ត ហើយផែនការរបស់ន័រវែសនេះ នឹងជួយផ្តល់ហិរញ្ញប្បទានដល់ខ្សែសង្វាក់ផលិតកម្មទី២នៅប្រទេសអាល្លឺម៉ង់ ដើម្បីធានាថា ការសាងសង់នាវាមុជទឹកថ្មីនឹងដំណើរការយ៉ាងឆាប់រហ័ស។

ថ្លែងគាំទ្រសំណើនេះ រដ្ឋមន្រ្តីការពារជាតិន័រវែស លោក Tore O. Sandvik និយាយថា ន័រវែស គឺជាប្រទេសជាប់មាត់សមុទ្រ និងដែនសមុទ្រ ហើយនាវាមុជទឹក គឺជាចំណុចស្នូលនៃការការពារប្រទេសរបស់យើង ដើម្បីទប់ទល់សត្រូវដ៏ខ្លាំងក្លាណាមួយ។

បើតាមរដ្ឋាភិបាល, នាវាមុជទឹក ២គ្រឿង ក្នុងចំណោម ៤គ្រឿង ដែលន័រវែសបញ្ជាទិញពីមុន ពីក្រុមហ៊ុន TKMS ក្នុងឆ្នាំ ២០២១ កំពុងត្រូវបានសាងសង់នៅអាល្លឺម៉ង់ ហើយរំពឹងថា នឹងដឹកជញ្ជូនមកដល់លើកដំបូងនៅឆ្នាំ ២០២៩៕

ប្រភព ៖ Defense News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner