ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត ទំនុកចិត្ត ភាពជឿជាក់ និងសំឡេងរបស់ប្រជាជនខ្មែរគ្រប់រូប គឺស្ថិតនៅជាមួយវីរៈកងទ័ព មិនថានៅក្នុងកាលៈទេសៈណាឡើយ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ សន្តិភាពកម្ពុជាត្រូវបានបំផ្លាញជាថ្មីម្តងទៀត ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍នៃ “សេចក្តីថ្លែងការណ៍រួម’ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ ក្រោមវត្តមានរបស់ប្រធានាធិបតី Trump, នាយករដ្ឋមន្ត្រី Anwar Ibrahim រួមជាមួយនឹងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តី Anutin Charnvirakul ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ម្តងទៀត ថ្ងៃនេះ សំឡេងកាំភ្លើង អាវុធធុនធ្ងន់ និងកាំភ្លើងធំ បានផ្ទុះឡើង ដែលបង្កើតការភ័យខ្លាចក្នុងចំណោមប្រជាជនយើង។ រូបភាពប្រជាជនយើង និងជាពិសេសកូនសិស្សសាលារបស់យើង ដែលទើបតែមកដល់សាលា ត្រូវរត់ទាំងភ័យស្លន់ស្លោដោយសារហេតុការណ៍ដ៏គ្រោះថ្នាក់នេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា អ្វីដែលកម្ពុជាចង់បាន គឺសន្តិភាព ដែលយើងតែងប្រកាន់យកយ៉ាងខ្ចាប់ខ្ជួន និងអស់ពីចិត្ត។ យើងបានរក្សាជំហរស្មោះត្រង់ ក្នុងការជ្រើសរើសយកនូវដោះស្រាយជម្លោះព្រំដែន ដោយមិត្តភាព មិនមែនតាមមធ្យោបាយយោធា និងដោយយើងថែរក្សាសិទ្ធិក្នុងការប្រើប្រាស់មធ្យោបាយយោធា ក្នុងការការពារខ្លួនតែប៉ុណ្ណោះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត ទំនុកចិត្ត ភាពជឿជាក់ និងសំឡេងរបស់ប្រជាជនខ្មែរគ្រប់រូប គឺស្ថិតនៅជាមួយវីរៈកងទ័ព មិនថានៅក្នុងកាលៈទេសៈណាឡើយ៕
ដោយ៖ពលជ័យ





