សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យកម្លាំងជួរមុខអត់ធ្មត់ ,ខណៈបន្ទាត់ក្រហមបានកំណត់រួចហើយ

ភ្នំពេញ៖ ស្របពេលពួកឈ្លានពានថៃកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអគ្គភស្ដភារជាន់ខ្ពស់នៃកងទ័ពកម្ពុជាបានអំពាវនាវដល់កម្លាំងជួរមុខទាំងអស់ត្រូវអត់ធ្មត់ ។សម្តេចក៏បានលើកឡើងផង​ដែរអំពីបន្ទាត់ក្រហមដែលត្រូវតបត ក៏បានកំណត់រួចមកហើយដែរ។

តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី៨ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្លាំងជួរមុខទាំងអស់ ត្រូវមានការ​អត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សឹល យប់មិញ និងព្រឹកនេះ ក្នុងគោលបំណង​ទាញយើងឱ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តភាពកម្ពុជា ថៃ។

សម្ដេចតេជោសង្កត់ធ្ងន់ថា បន្ទាត់ក្រហម ដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់ អប់រំបងប្អូននាយ​ទាហាន ពលទាហាន យល់ដឹងគ្រប់ៗគ្នា។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀស​សឹកចេញពី​តំបន់​គ្រោះថ្នាក់ មកកាន់តំបន់មានសុវត្ថិភាព។

សម្ដេចតេជោ បន្ថែមថា ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយ ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រី បញ្ជាលើ​កម្លាំងប្រដាប់​អាវុធទប់ទល់ជាមួយការឈ្លានពាន។ សូមការយោគយល់ពីភ្ញៀវជាតិ និងអន្តរជាតិ ដែលមិនអាចជួបខ្ញុំបាន។

សម្ដេចតេជោ ក៏បានណែនាំកីឡាករ កីឡាការិនីដែលទៅចូលការប្រកួតស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ សូមចូលរួមការប្រកួតជាធម្មតា ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ៥និង៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុង​តំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់​ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារ​នេះធ្វើឡើងបន្ទាប់ពីយោធាថៃ​បានធ្វើសកម្មភាព​បង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់​ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។

បើទោះបីថៃបានបើកកោងបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី៧ រហូតដល់ព្រឹកថ្ងៃទី ៨ ខែធ្នូនេះ យ៉ាងណាក៏ដោយ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយ សន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត ។

ក្នុងសេចក្តីបញ្ជាក់ដោយឡែកផ្សេងមួយទៀតនៅព្រឹកថ្ងៃទី៨ ខែធ្នូ នេះដែរ ក្រសួងការពារជាតិបានឆ្លើយតបទៅថៃថា​ការ​លើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបើកការបាញ់មុន និងប្រើ​សព្វាវុធ​ធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការ​វាយ​ប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ព្រឹកមក។ សកម្មភាព នេះធ្វើឡើង​បន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញ​នៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។

ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner