កម្ពុជា-វៀតណាម សម្ពោធបើកច្រកទ្វារ​អន្តរ​ជាតិម៉ឺនជ័យ-តឹនណាម ជាផ្លូវការ

ព្រៃវែង៖កម្ពុជានិងវៀតណាមបានសម្រេចសម្ពោធ​បើកច្រកទ្វារ​អន្តរ​ជាតិម៉ឺនជ័យ-តឹនណាមជាផ្លូវការ។នេះបញ្ជាក់ពីភាពជិតស្និទ្ធ នៃ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង​កម្ពុជា-វៀតណាម និងកំពុងប្រែក្លាយតំបន់ព្រំដែនឱ្យក្លាយជាព្រំដែនសុខសន្ដិភាព ព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ សេវា សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ។

នៅក្នុងឱកាសសម្ពោធដាក់ឱ្យ​ដំណើរការច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ពិធីសម្ពោធ ដាក់ឱ្យ​ដំណើរ​ការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិនេះ សបញ្ជាក់ពីភាពជិតស្និទ្ធ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងបរិយាកាស ពោរពេញដោយសាមគ្គីភាព មិត្តភាពជាប្រពៃណី និងការជឿទុកចិត្តគ្នា ទៅវិញទៅមក ដែលបាន​និងកំពុងចូលរួមប្រែក្លាយតំបន់ព្រំដែននេះ ឱ្យក្លាយជាព្រំដែនសុខសន្តិភាព ព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ សេវា និងជាព្រំដែនដែលមានការអភិវឌ្ឍរីកចម្រើន ។

សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃប្រទេសទាំងពីរ ដែលបានសហការជិតស្និតក្រោមស្មារតីភាតរភាព និងការយោគយល់ខ្ពស់ ក្នុងការប្រឹងប្រែងជំរុញ​ដំណើរ​ការបើកច្រកព្រំដែនអន្ដរជាតិនេះ និងពន្លឿនការសាងសង់អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្ដរជាតិម៉ឺនជ័យ​របស់​កម្ពុជា និងអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្ដរជាតិតឹនណាម របស់វៀតណាម ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ​នៅទីនេះទៀតឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមផែនការគ្រោងទុក។

សម្ដេចធិបតី បានថ្លែងដោយជឿជាក់ថា ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា កម្ពុជា និងវៀតណាម នឹងបន្តរក្សាទំនាក់ទំនង​មិត្តភាព​ជាប្រពៃណីដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះតរៀងរហូតដល់អ្នកជំនាន់ក្រោយ ។

គូសបញ្ជាក់ថា ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានកំណើនខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគី បានកើនលើស ១០ពាន់លានដុល្លារ ដែលជាការកើនឡើង គួរឱ្យកត់សម្គាល់ប្រមាណ ៥៣,៣៤% ធៀបនឹងឆ្នាំ២០២៣ ។

ជាមួយនេះ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបានទំហំទឹកប្រាក់​សរុបជាង ៦ពាន់លានដុល្លារ កើនឡើង ៤.១% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ការនាំចេញទំនិញរបស់កម្ពុជា ទៅវៀតណាម សម្រេចបានទំហំទឹកប្រាក់ប្រមាណ ២.៩៣ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ខែឆ្នាំនេះ កើនឡើង ៧.៨% ខណៈកម្ពុជា នាំចូលទំនិញពីវៀតណាម មានទំហំទឹកប្រាក់ប្រមាណ ៣.១១ ពាន់លានដុល្លារ កើនឡើងត្រឹមតែ ០.៨% ៕


ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner