លោក Trump អន់ចិត្ត Zelensky មិនអានផែនការសន្តិភាព
វ៉ាស៊ីងតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ បាននិយាយថា លោកមានអារម្មណ៍ “ខកចិត្តបន្តិច” ជាមួយសមភាគី អ៊ុយក្រែន លោក Volodymyr Zelensky ចំពោះការដែលមិនព្រមអាន និងពិនិត្យ ផែនការសន្តិភាព បញ្ចប់សង្រ្គាម ជាមួយរុស្ស៊ី។
លោក Trump បានប្រាប់អ្នកយកព័ត៌មាន ក្នុងពេលចូលរួមកម្មវិធីមួយ ថា «ដូច្នេះយើងបាននិយាយ ជាមួយប្រធានាធិបតី ពូទីន ហើយយើងបាននិយាយជាមួយ ប្រធានាធិបតី Zelensky ហើយខ្ញុំត្រូវតែនិយាយថា ខ្ញុំមានការខកចិត្តបន្តិច ដែលប្រធានាធិបតី Zelensky មិនទាន់បានអានសំណើនេះ ពោលគឺប៉ុន្មានម៉ោងមុននេះ»។
ការចរចាជាច្រើនថ្ងៃ រវាងមន្ត្រីអាមេរិក និងអ៊ុយក្រែន រួមទាំង លោក Zelensky បានបញ្ចប់ កាលពីថ្ងៃសៅរ៍ ដោយគ្មានរបកគំហើញជាក់ស្តែង ទោះបីជា លោក Zelensky បានប្តេជ្ញាធ្វើកិច្ចចរចាបន្ថែមទៀតឆ្ពោះទៅរក “សន្តិភាពពិតប្រាកដ” ក៏ដោយ។
កិច្ចពិភាក្សានេះបានធ្វើឡើង បន្ទាប់ពីបេសកជនអាមេរិក លោក Steve Witkoff និង លោក Jared Kushner បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅវិមានក្រឹមឡាំង ដោយពេលនោះ, ទីក្រុង ម៉ូស្គូ បានច្រានចោលផ្នែកខ្លះ នៃសំណើ របស់សហរដ្ឋអាមេរិក។
ផែនការរបស់អាមេរិកបានឆ្លងកាត់សេចក្តីព្រាងជាច្រើន ចាប់តាំងពីវាលេចចេញ ជាលើកដំបូង កាលពីខែមុន ចំពេលដែលមានការរិះគន់ ថា ជាផែនការទន់ជ្រាយពេក ចំពោះរុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត