តាំងតែពីព្រឹកព្រលឹមអុលកងទ័ពឈ្លានពានថៃបើកការបាញ់ប្រហារមកលើក្នុងភូមិសាស្រ្តយោធភូមិភាគទី៤

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី ៩ ខែ ធ្នូឆ្នាំ ២០២៥ថាកងទ័ពឈ្លានពានថៃបានបើកការ បាញ់ប្រហារមកលើអធិបតេយ្យកម្ពុជាក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ចាប់តាំងតែពីព្រឹកព្រលឹមម៉ោង៤និង៤៥ទៀបភ្លឺជាច្រើនតំបន់ក្នុងទឹកដីកម្ពុជា។

ក្រសួងការពារជាតិបានឱ្យដឹងថាចាប់តាំងពីវេលាម៉ោង ០៤:៤៥នាទីទៀបភ្លឺថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ យោធាថៃបានបើកការបាញ់ប្រហារនៅក្នុងភូមិសាស្ត្រយោធ ភូមិភាគទី៤ នៅក្នុងតំបន់ភ្នំខ្មោច នឹងបានពង្រីកភូមិសាស្រ្តនៃ​ការវាយ​ប្រហារទៅដល់តំបន់ផ្សេងៗទៀត រួមមាន៖ តាថាវ, ប្រាសាទតាមាន់, ប្រាសាទព្រះវិហារ, ប្រាសាទខ្នារ, វាលឥន្ទ្រី, ភ្នំខ្មោច, គោល៨, ជាំតែ អានសេះ, ថ្មដូន, អូរស្មាច់, ភ្នំអនុស្សាវរីយ៍, មុខវត្តកែវសិក្ខាគីរិស្វារៈ និងបានបាញ់ផ្សែងពុលនៅ​ប្រាសាទតាក្របី។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។

គួរបញ្ជាក់ដែរថាភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព​រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើសកម្មភាព​ឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា។

ទន្ទឹងនឹងនេះ កម្ពុជាបានអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពី​កិច្ចព្រមព្រៀង​សន្តិភាពកម្ពុជាថៃដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តម​ប្រធានាធិបតីសហរដ្ឋអាម៉េរិកដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្តូរវេន៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner