សម្តេចម៉ែព្រះរាជទាននូវព្រះរាជទ្រព្យ ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជាដើម្បីជួយដល់ប្រជារាស្រ្តភៀសសឹក
ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ១០ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះត្រូវបាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រគល់ជូនលោកជំទាវ ពុំ ចន្ទីនី កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅសាលប្រជុំក្រសួងព្រះបរមរាជវាំង នាព្រឹកថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវ ពុំ ចន្ទីនី បានប្រគល់ជូនសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទូលថ្វាយថ្លែងអំណរព្រះរាជគុណសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សារលិខិតនោះមានខ្លឹមសារថា៖ «ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយជាអនេកប្បការ ដោយបានទទួលព្រះរាជទ្រព្យ ចំនួន ១០០.០០០ដុល្លារ(មួយរយពាន់ដុល្លារអាម៉េរិក) ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម ជួយដល់ប្រជារាស្ត្រភៀសសឹក នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ តាមរយៈ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យសន្តោសប្រោសប្រណី និងគិតគូរទុកដាក់យ៉ាងខ្ជាប់ខ្ជួនពីសុខទុក្ខប្រជារាស្ត្ររបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជទានព្រះរាជទ្រព្យដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា គ្រប់ពេលវេលា។
ខ្ញុំម្ចាស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ បវរមហាប្រសើរ ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមាន ព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទួត របស់ព្រះអង្គជ្រកកោន តរៀងទៅ។
សូមជម្រាបថាគិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូមានប្រជាពលរដ្ឋចំនួន ២១.២១៩នាក់ ក្នុងនោះខេត្តព្រះវិហារ បានភៀសសឹកចេញពីឃុំចំនួន៦ នៃស្រុកជាំក្សាន្ត សរុប១.៤៩១គ្រួសារ ស្មើនឹងមនុស្ស៥.៥៩៧នាក់ បានមកស្នាក់នៅទីតាំងសុវត្ថិភាពរៀបចំដោយ អាជ្ញាធរចំនួន៨កន្លែង។នៅខេត្តឧត្តរមានជ័យមានចំនួន ៣.៤៧៨គ្រួសារ ស្មើនឹងមនុស្ស១១.០៦០នាក់ បានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពចំនួន៦កន្លែង និងនៅខេត្តបន្ទាយមានជ័យមានចំនួន៤.៥៦២នាក់បានជម្លៀសទៅកាន់តំបន់សុវត្ថិភាព និងតាមផ្ទះសំបែងសាច់ញាតិ៕





ដោយ ៖ គ្រី សម្បត្តិ