ជ័យលាភីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ (CAMBODIA DIGITAL AWARDS 2025) ក្រោមប្រធានបទ “នវានុវត្ដន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល”
ភ្នំពេញ៖ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ ដែលជាឆ្នាំទី១១ ក្រោមប្រធានបទ “នវានុវត្ដន៍ក្នុងស្រុក ប្រកួតប្រជែង ជាសកល” និងជាផ្នែកមួយនៃវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ត្រូវបានប្រកាសលទ្ធផលជ័យលាភីកាលពីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម David L. Almirol Jr. អនុរដ្ឋមន្ត្រី ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន លោក Jojo Flores សហស្ថាបនិក ក្រុមហ៊ុន Plug & Play ថ្នាក់ដឹកនាំតំណាងប្រទេសជាច្រើន ថ្នាក់ដឹកនាំក្រោមឱវាទក្រសួង វាគ្មិន ក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ធុរកិច្ចថ្មីឌីជីថល សហគ្រិន និងអ្នកជំនាញបច្ចេកវិទ្យាជាច្រើនរូបសរុបប្រមាណ ៤០០នាក់ មកពី ២៧ ប្រទេស នៅសាលពិព័រណ៍កោះពេជ្រ។
ពានរង្វាន់ឌីជីថលកម្ពុជាត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន និងបង្កើនកំណើនសេដ្ឋកិច្ចឌីជីថលកម្ពុជា ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ឌីជីថល តាមរយៈការផ្តល់ពានរង្វាន់ដល់ក្រសួង-ស្ថាប័ន ធុរកិច្ចថ្មី សហគ្រិន និងនវានុករ។
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអបអរសាទរនិងបានប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ ជាប្រាក់រង្វាន់ ពានរង្វាន់ និងលិខិតសរសើរដល់ជ័យលាភីទាំង៥ ដែលត្រូវបានជ្រើសរើសក្នុងចំណោមធុរកិច្ចថ្មីដែលបានដាក់ពាក្យសរុបចំនួន ៨៦ធុរកិច្ចថ្មី។
ជ័យលាភីពានរង្វាន់ទាំង ៥ប្រភេទ រួមមាន៖
១.ពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Minister Startup of the Year) ត្រូវបានផ្តល់ជូនធុរកិច្ចថ្មី Jobify Co.,Ltd សម្រាប់កម្មវិធី Jobify ជាមួយនឹងប្រាក់រង្វាន់ចំនួន 15,000ដុល្លារអាម៉េរិក
២.ពានរង្វាន់ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ (Best Private Sector of the Year) ត្រូវបានផ្តល់ជូនក្រុមហ៊ុន Daun Penh Data Center Co., Ltd សម្រាប់ផលិតផល DP Cloud Services ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក
៣.ពានរង្វាន់បរិយាបន្នឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Inclusion of the Year) ត្រូវបានផ្តល់ជូនក្រុមហ៊ុន Sister of Codeសម្រាប់ថ្នាលឌីជីថល Digital Skills Educational Program Sister of Code ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក
៤.ពានរង្វាន់មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the Year) ត្រូវបានផ្តល់ជូនក្រុមហ៊ុន Macro Computing Solutions Co., Ltd សម្រាប់ផលិតផល Lida Eve – Virtual Influencer ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក
៥.ពានរង្វាន់ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ(Best Digital Research and Innovation of the Year) ត្រូវបានផ្តល់ជូនបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត្រ សម្រាប់កម្មវិធីCambodia AMR Predicting Application (CAMPRA) ជាមួយនឹងប្រាក់រង្វាន់ចំនួន 7,500 ដុល្លារអាម៉េរិក។
ជាមោទនភាពផងដែរ ជ័យលាភី លេខ ២ នៃពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ Bamnang Academy បានទទួលការវិនិយោគពីក្រុមហ៊ុន Plug and Play នៅយប់នៃកម្មវិធីប្រកាសពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ បន្ទាប់ពីបានធ្វើបទបង្ហាញផលិតផលរបស់ខ្លួន។ ធុរកិច្ចថ្មី Bamnang Academy ជាក្រុមហ៊ុនទី១ របស់កម្ពុជា ដែលទទួលបានការវិនិយោគពីក្រុមហ៊ុន Plug and Play ហើយក្រុមហ៊ុនមានគោលបំណងជំរុញឱ្យក្លាយទៅជាក្រុមហ៊ុនកម្រិត អន្តរជាតិមួយ។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញ ចំណាប់អារម្មណ៍ ទាំងមោទនភាពថា “ការសម្រេចចិត្តរបស់ ក្រុមហ៊ុន Plug and Play ក្នុងការវិនិយោគលើធុរកិច្ចថ្មីBamnang Academy ស្ដែង ឱ្យឃើញពីលទ្ធផលនៃកិច្ចខិតខំរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការកសាង បរិយាកាស អំណោយផល សម្រាប់ អ្នក មានសមត្ថភាព ក្នុង ការចាប់ ឱកាស រីកចម្រើន ទាំងក្នុងស្រុង និងសាកលលោក។
ការវិនិយោគនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ សម្រាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល របស់ កម្ពុជា ដែលកំពុងរីកចម្រើន និងឆ្លុះបញ្ចាំងពីសមត្ថភាពលេចធ្លោរបស់ធុរជនកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ “
ជាមួយគ្នានេះផងដែរ ឯកឧត្ដម David L. Almirol អនុរដ្ឋមន្ត្រី ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន បានផ្ដល់ ការលើកទឹកចិត្តជាប្រាក់រង្វាន់ដល់ធុរកិច្ចថ្មី Jobify និងធុរកិច្ចថ្មី Bamnang Academy ចំនួន ១០,០០០ ដុល្លារអាម៉េរិក សម្រាប់ធុរកិច្ចថ្មីនីមួយៗ។
ឯកឧត្ដមបណ្ឌិត សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃ ក.ប.ទ.ក៏បានចែករំលែកផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ពានរង្វាន់ឌីជីថលកម្ពុជា បានរីកចម្រើននិងត្រូវបានទទួលស្គាល់ជាវេទិកាថ្នាក់ជាតិដ៏មានកិត្យានុភាពមួយ សម្រាប់ធុរកិច្ចថ្មីឌីជីថល ក្រុមហ៊ុន និងនវានុករកម្ពុជា ដើម្បីបង្ហាញផលិតផលនវានុវត្តន៍របស់ពួកគេ លើកកម្ពស់ដំណោះស្រាយឌីជីថលរបស់កម្ពុជាឱ្យប្រកួតប្រជែងលើឆាកតំបន់និងសកលលោក ព្រមទាំងពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ឌីជីថលកម្ពុជាឱ្យកាន់តែមានភាពរស់រវើក។
កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃ ក.ប.ទ. និងទទួលបានការសហការឧបត្ថម្ភគាំទ្រពី មូលនិធិ ស.អ. ក្រុមហ៊ុន Smart Axiata Co., Ltd. និង ក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd.៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា










