កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌ជាលើកទី១៩ ជូនជនមានពិការភាព នៃមជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈជនពិការភ្នែក

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ១០លានរៀល ជាលើកទី១៩ ជូនដល់ជនមានពិការភាព ចំនួន ១៥០នាក់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ) ដែលមានទីតាំងស្ថិត នៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ក្នុងកម្មវិធីកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការបានសម្ដែងនូវការអរគុណយ៉ាងក្រៃលែងចំពោះ​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងគិតគូរ យកចិត្ត ទុកដាក់ និងជួយឧបត្ថម្ភដល់ក្រុមជន​ពិការជាបន្ត​បន្ទាប់​ដោយ​មិនមានការរើសអើងអ្វីឡើយ ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវ ញ៉ែម មរកត ក៏បានលើកឡើងថាសមិទ្ធផលនានាដែលសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែបានជួយដល់សមាគមនាពេលកន្លងមក។

ក្នុងឱកាសនេះដែរលោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងនូវការកោតសរសើរចំពោះ ក្មួយៗពិការ​កាយសម្បទា ដែលខិតខំ ជម្នះការលំបាក តស៊ូជម្នះគ្រប់ឧបសគ្គរហូតមកដល់ពេលនេះ ជាពិសេសបានអភិវឌ្ឍន៍សមត្ថភាព​របស់ខ្លួន ទាំងការបណ្តុះ​បណ្តាលវិជ្ជាជីវៈជំនាញ រួមទាំងការចាប់យកចំណេះដឹងថ្មីៗពីបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍។

លោកជំទាវក៏បានថ្លែងអំណរគុណដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែជួយ ឧបត្ថម្ភគាំទ្រដល់សមាគមជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងពីកម្លាំង ឆន្ទៈ ក្នុងស្មារតីចែករំលែក ។

សូមជម្រាបថាអំណោយជាលើកទី១៩ រួមមាន៖ អង្ករ ២តោន, អង្គរសុខភាព ២០កេស, មី២០កេស, ត្រីខ៥កេស, ទឹកស៊ីអ៊ីវ ៥យូរ, ទឹកត្រី ៥យូរ, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស, ឃីត (មុង ភួយ សារុង ក្រមា) ១៥០កញ្ចប់ និងថវិកា ១០លាន រៀល។ ជាមួយគ្នានេះ ជនមានពិការភាព ១៥០នាក់ទទួលបានអាហារសម្រន់ និងថវិកាមួយចំនួន៕
ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner