អ្នកនាំពាក្យ:កងទ័ពកម្ពុជាការពារខ្លួន ផ្តោតតែទៅលើគោលដៅយោធាថៃប៉ុណ្ណោះមិនបានគោលដៅជនស៊ីវិលនិងទីកន្លែងស៊ីវិលឡើយ
ភ្នំពេញ៖កងទ័ពកម្ពុជាបានការពារខ្លួនពីអំពីឈ្លានពានដ៏កម្រោល និងឃោរឃៅពីកងទ័ពថៃនាពេលនេះបានផ្តោតសំខាន់តែទៅលើគោលដៅយោធាថៃប៉ុណ្ណោះមិនបានគោលដៅជនស៊ីវិលនិងទីកន្លែងស៊ីវិលនោះទេ។នេះជាការបញ្ជាក់របស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។

បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយសារកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ព និងជនស៊ីវិលកម្ពុជា » ពេលរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា៖កម្ពុជាតែងប្រកានខ្ជាប់នូវការគោរព និងប្រកាន់ខ្ជាប់នូវការតព្វកិច្ចទាំងឡាយរបស់ច្បាប់អន្តរជាតិ និងជាពិសេសមនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុត។
អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថាទង្វើដ៏កម្រោល និងឃោរឃៅព្រៃផ្សៃរបស់ភាគីថៃ បានបំពានយ៉ាងធ្ងន់ធ្ងរនូវបទឈប់បាញ់ដែលបានឯកភាពគ្នារវាងប្រទេសទាំងពីរនាកន្លងមក។
គួរបញ្ជាក់ថាការឆ្លើយតបរបស់ក្រសួងការពារជាតិកម្ពុជានេះដែរធ្វើឡើងក្រោយកងទ័ពថៃចោទប្រកាន់កងទ័ពកម្ពុជា បានវាយប្រហារដោយគ្មានភស្ថុតាងដែលថាកងទ័ពកម្ពុជាបានវាយប្រហារទៅលើជនស៊ីវិលរបស់ប្រទេសរបស់ខ្លួនរួចមក។
ក្រសួងមហាផ្ទៃបានឱ្យដឹងថាតាមរយៈការវាយប្រហារពីកងទ័ពថៃមកលើកម្ពុជារយៈពេល៣ថ្ងៃមកនេះពោលគឺចាប់ពីថ្ងៃទី៧ -៨ និងទី៩ ខែ ធ្នូ ឆ្នាំ ២០២៥កន្លងមក បានបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ស៊ីវិល ជាច្រើនកន្លែង ប្រជាពលរដ្ឋខ្មែរស្លាប់ របួស ,បង្ខំចិត្តជម្លៀស បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម សម្បត្តិវប្បធម៌ បេតិកភណ្ឌមនុស្សជាតិ និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាននានាយ៉ាងច្រើន។
បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងអំពើឈ្លានពានពីសំណាក់កងទ័ពថៃនេះយ៉ាងហោចណាស់មានប្រជាពលរដ្ឋ ស្លាប់ចំនួន៧នាក់ ក្នុងនោះ១នាក់នៅខេត្តព្រះវិហារ ៣នាក់ នៅខេត្តឧត្តរមានជ័យ និង៣នាក់ទៀតនៅខេត្តបន្ទាយមានជ័យ។ ចំណែកពលរដ្ឋរងរបួសធ្ងន់ និងស្រាលសរុបគិតមកដល់ពេលនេះមានប្រមាណ២០នាក់ ដែលភាគច្រើនកំពុងសង្គ្រោះបន្ទាន់ដោយក្រុមគ្រូពេទ្យខេត្ត និងបញ្ជូនមកសង្គ្រោះបន្តនៅរាជធានីភ្នំពេញ។
ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថាកងកម្លាំងកម្ពុជាបាននិងបន្តឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕
ដោយ៖ម៉ាដេប៉ូ,រូបភាព៖វ៉េង លឹមហួត








