ក្រសួងប្រៃសណីយ៍កម្ពុជាចូលរួមវេទិកាលំហអាកាសអន្តរជាតិ-កម្រិតរដ្ឋមន្ត្រី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
ប្រទេសហ្វីលីពីន៖ លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំគណៈប្រតិភូ ក.ប.ទ. ចូលរួមវេទិកាលំហអាកាសអន្តរជាតិ-កម្រិតរដ្ឋមន្ត្រី (The 7th International Space Forum at Ministerial Level – The Southeast Asia Chapter “ISF ២០២៥”) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
វេទិកា ISF ត្រូវបានរៀបចំឡើង ចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលំហអាកាសក្នុងតំបន់ ដោយរដ្ឋមន្ត្រី ប្រធានទីភា្នក់ងារលំហអាកាស និងប្រធានស្ថាប័នពាក់ព័ន្ធ ពិភាក្សាអំពីការអភិវឌ្ឍវិស័យលំហអាកាស និងការប្រើប្រាស់បច្ចេកវិទ្យាលំហអាកាសប្រកបដោយចីរភាព ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរួម។ សម្រាប់វេទិកា ISF លើកទី៧នេះ ត្រូវបានរៀបចំឡើងសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្រោមមូលបទ “Fostering Regional Synergy in Space for Shared Challenges and Sustainable Development” ដោយចែករំលែកបទពិសោធន៍ផ្តោតលើ (១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលំហអាកាស (២)តម្លៃខ្សែសង្វាក់សម្រាប់សេវាកម្មវិធីនិងដំណោះស្រាយដោយប្រើបច្ចេកវិទ្យាលំហអាកាសនៅក្នុងតំបន់ និង (៣)ការជំរុញតម្លៃខ្សែសង្វាក់នៃលំហអាកាសតាមកិច្ចសហប្រតិបត្តិការ ការអប់រំ គោលនយោបាយ និងការស្រាវជ្រាវ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ រស់ សូរក្ខា ក៏បានឡើងថ្លែងសុន្ទរកថា នៅក្នុងវគ្គ High Level Statement គឺជាវគ្គដែលមានរដ្ឋមន្ត្រី ឬប្រធានស្ថាប័ន ទទួលបន្ទុកវិស័យលំហអាកាសនៃរដ្ឋសមាជិកចូលរួម។ លោកជំទាវរដ្ឋលេខាធិការ ក៏បានបង្ហាញអំពីវឌ្ឍនភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់និងអន្តរជាតិ ដើម្បីកសាងសមត្ថភាពធនធានមនុស្ស អភិវឌ្ឍគោលនយោបាយលំហអាកាសជាតិ និងជំរុញការអភិវឌ្ឍលើវិស័យលំហអាកាសនៅកម្ពុជា។
បន្ថែមពីនេះ តាមការអញ្ជើញរបស់ទីភ្នាក់ងារលំហអាកាសហ្វីលីពីន (PhilSA) កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ គណៈប្រតិភូ ក.ប.ទ. ដែលដឹកនាំដោយ ឯកឧត្តម ជាង សុភ័ក្រ បានទស្សនកិច្ចស្វែងយល់ពីអង្គភាព PhilSA ដោយជជែកពិភាក្សាជាមួយលោកស្រី Gay Jane Perez អគ្គនាយកស្តីទីនៃ PhilSA ព្រមទាំងធ្វើទស្សនកិច្ចសិក្សាពីស្ថានីយផ្កាយរណបលើដីក្នុងកម្រិតបច្ចេកទេស ដើម្បីស្វែងយល់ពីការគ្រប់គ្រងទិន្នន័យពីផ្កាយរណប និងជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យលំហអាកាស បន្ថែមទៀត៕




ដោយ៖ង៉ាន់ ទិត្យ