កម្ពុជាប្រារព្ធជាតិប្រឆាំងអំពើពុករលួយ ក្រោមប្រធានបទ៖រដ្ឋបាលស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជន

ភ្នំពេញ៖កម្ពុជាបានប្រារព្ធទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ៩ធ្នូ ក្រោមប្រធានបទស្តីពី «រដ្ឋបាលស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជន» ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុម​ប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

ក្នុងពិធីដែលប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសរំលេចថា អង្គភាព​ប្រឆាំងអំពើពុករលួយសម្រេចបានកន្លងទៅតាមរយៈការអនុវត្តការងារធំៗទាំង ៦ របស់អង្គភាព រួមមានទី១៖ ការងារអប់រំ, ទី២៖ ការងារ បង្ការទប់ស្កាត់, ទី៣៖ ការងារអនុវត្តច្បាប់, ទី៤៖ គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ, ទី៥៖ កិច្ចសហការជាតិ-អន្តរជាតិ និងការរឹបអូសផលនៃបទល្មើស និងទី៦៖ ការពង្រឹងសមត្ថភាព អភិបាលកិច្ចផ្ទៃក្នុង និងការត្រួត​ពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រដែលត្រូវបានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិ ដំណាក់កាលទី៣ ២០២០-២០២៥ ។
សម្តេច ម៉ែន សំអន បន្តថា សមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាល៦ អាណត្តិកន្លងមក ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិត​របស់ សម្តេចតេជោ ហ៊ុន សែន បន្តមករាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដឹក​នាំប្រកបដោយការជឿជាក់ ដើម្បីបន្តនាំនាវាកម្ពុជាឱ្យស្ថិតក្នុងសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍសង្គម​និងសេដ្ឋកិច្ចមិនឈប់​ឈរ។

សម្ដេចកិត្តិសង្គហបណ្ឌិត អំពើពុករលួយមិនថា តាំងពីអតីតកាល មកដល់បច្ចុប្បន្ននេះក្តីនៅតែជាកម្មវត្ថុមួយដែលគ្រប់គ្នា​មានការ​យកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ទល់កាត់បន្ថយដោយស្មារតីប្រយុទ្ធប្រឆាំង ។

សូមជម្រាបថា កម្មវិធីខាងលើមានការអញ្ជើញចូលរួមពីឯកឧត្តម តុប សំ អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ, ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ , ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីពីអង្គភាពប្រឆាំងអំពើពុករលួយ និងមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយជាង៦០០នាក់ នៅអង្គភាព​ប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ៕


អត្ថបទ៖ វណ្ណលុក, រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner