ក្រុមហាម៉ាស់ ថា គ្មានបទឈប់បាញ់ដំណាក់កាលទី២ នៅហ្គាហ្សាទេ បើអ៊ីស្រាអែលបន្តរំលោភបំពាន

ហ្គាហ្សា ៖ ក្រុមហាម៉ាស់និយាយថា ផែនការបទឈប់បាញ់ដំណាក់កាលទី២ នៅតំបន់ហ្គាហ្សា នឹងមិនអាចកើតឡើងបានទេ ដរាបណាអ៊ីស្រាអែលនៅតែបន្តរំលោភបំពាន ហើយអំពាវនាវឱ្យអ្នកសម្របសម្រួលដាក់សម្ពាធលើប្រទេសនេះ ឱ្យគោរពកិច្ចព្រមព្រៀង។

សមាជិកការិយាល័យនយោបាយរបស់ហាម៉ាស់ លោក ហូសាម បាដ្រាន និយាយថា បទឈប់បាញ់ដំណាក់កាលទី២ មិនទាន់អាចចាប់ផ្ដើមឡើយ ដរាបណាអ៊ីស្រាអែលបន្តរំលោភបំពានកិច្ចព្រមព្រៀង ហើយមិនគោរពបណ្ដាការសន្យារបស់ខ្លួន។

ជាមួយគ្នានេះ លោកបានចោទប្រកាន់អ៊ីស្រាអែលចំៗថា បានរាំងខ្ទប់ការបញ្ជូនជំនួយមនុស្សធម៌ចូលហ្គាហ្សា ដូច្នេះក្រុមហាម៉ាស់ស្នើដល់បណ្ដាប្រទេសជាសម្របសម្រួលបង្កើនការគាបសង្កត់ឲ្យអ៊ីស្រាអែលគោរពតាមដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងបទឈប់បាញ់។

ឆ្លើយតបការចោទប្រកាន់របស់ក្រុមហាម៉ាស់ ប្រភពសន្តិសុខអ៊ីស្រាអែលមួយបានប្រកាសថា ប្រទេសខ្លួននឹងអនុញ្ញាតឡើងវិញុ ចាប់ពីថ្ងៃទី១០ ខែធ្នូតទៅ ឱ្យមានការឆ្លងកាត់សម្រាប់ការដឹកជំនួយមនុស្សធម៌ចូលតំបន់ហ្គាហ្សា មកពីប្រទេសហ្ស៊កដានី។

គួរបញ្ជាក់ថា បទឈប់បាញ់ហ្គាហ្សា គាំទ្រដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលចូលជាធរមានចាប់តាំងពីថ្ងៃទី១០ ខែតុលា បានបញ្ឈប់សង្រ្គាមជាបណ្តោះអាសន្ន បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ពួកហាម៉ាស់លើអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ប៉ុន្តែវានៅតែផុយស្រួយដដែល ខណៈអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចោទគ្នាទៅវិញទៅមកស្ទើរតែរាល់ថ្ងៃអំពីការរំលោភបំពាន៕

ប្រភព ៖ The Striats times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner