តួកគីជិតបានប្រើ F-35 វិញ បន្ទាប់ពីមានទំនាក់ទំនងល្អជាមួយលោក ត្រាំ
អង់ការ៉ា ៖ ប្រទេស តួកគី ជិតបានប្រើប្រាស់យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 របស់អាមេរិកឡើងវិញ បន្ទាប់មេដឹកនាំប្រទេស នៅអាស៊ីខាងលិច មួយនេះ មានទំនាក់ទំនងល្អ ជាមួយប្រធានាធិបតី ដូណាល់ ត្រាំ។
លោក Tom Barrack ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសតួកគី បាននិយាយ កាលពីថ្ងៃអង្គារ ថា ទីក្រុងវ៉ាស៊ីនតោន កំពុងចូលរួមក្នុងការពិភាក្សា បន្តជាមួយទីក្រុង អង់ការ៉ា លើការដេញថ្លៃរបស់ខ្លួន ដើម្បីចូលរួម ក្នុងកម្មវិធីយន្តហោះចម្បាំង F-35 ដោយបង្ហាញក្តីសង្ឃឹម សម្រាប់របកគំហើញអំពីលទ្ធផល នៅក្នុងប៉ុន្មានខែ ខាងមុខនេះ។
លោក Barrack បាននិយាយថា “ទំនាក់ទំនងវិជ្ជមាន” រវាងប្រធានាធិបតី Donald Trump និង ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានបង្កើត “បរិយាកាសថ្មី នៃកិច្ចសហប្រតិបត្តិការ” ដែលនាំឱ្យមានការសន្ទនា ប្រកបដោយផ្លែផ្កាបំផុត មិនធ្លាប់ឃើញ ក្នុងរយៈពេល ជិតមួយទសវត្សរ៍។ លោក បានបន្ថែម ដោយជឿជាក់ថា កិច្ចពិភាក្សាប្រកបដោយជោគជ័យ ទាំងនេះ នឹងផ្តល់បានទាំងតម្រូវការសន្តិសុខ របស់សហរដ្ឋអាមេរិក និង ប្រទេសតួកគី។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន Anadolu , សហរដ្ឋអាមេរិកបានហាមប្រទេសតួកគី មិនឲ្យចូលរួមក្នុងកម្មវិធីយន្តហោះចម្បាំង F-35 ក្នុងឆ្នាំ២០១៩ បន្ទាប់ពីបានជំទាស់នឹងការទិញប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី។ អាមេរិក បានអះអាងថា ប្រព័ន្ធនេះ នឹងបង្កគ្រោះថ្នាក់ដល់យន្តហោះចម្បាំង និង មិនអាចដំណើរការ ជាមួយប្រព័ន្ធ ណាតូ។ រីឯ អង្គភាពការពារជាតិ ទួកគី ជាច្រើន ត្រូវបានដាក់ទណ្ឌកម្ម ក្រោមច្បាប់ប្រឆាំងសត្រូវ របស់អាមេរិក CAATSA។
ជុំវិញបញ្ហានេះ, រដ្ឋមន្ត្រីការបរទេស តួកគី លោក Hakan Fidan ក៏បានបង្ហាញ ពីវឌ្ឍនភាពផងដែរ ដោយបាននិយាយ កាលពីចុងសប្តាហ៍ថា ទីក្រុងអង់ការ៉ា ជិតនឹងដោះស្រាយជម្លោះរបស់ខ្លួន ជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញការដាក់ទណ្ឌកម្មនេះ។ លោក Hakan Fidan បាននិយាយ នៅក្រៅវេទិកា ទីក្រុងដូហា ថា ៖ «ខ្ញុំជឿថា យើងនឹងរកឃើញវិធី ដកឧបសគ្គនោះចេញ ក្នុងពេលឆាប់ៗនេះ »៕
ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត
