យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងបានទាក់ញភ្ញៀវទេសចរកាន់តែច្រើន

ក្នុងរយៈពេល៦ខែនៃការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ចំនួនភ្ញៀវទេសចរជាតិ ដែលបានធ្វើដំណើរកម្សាន្ត បានកើនឡើងរហូតដល់៩លាន ៤៦ម៉ឺននាក់ ពោលគឺកើនឡើងប្រមាណ ៦៤,៧% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។ តួលេខនេះត្រូវបានបង្ហាញនៅក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារយុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតងឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ក្នុងសិក្ខាសាលានោះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ, ពិធីករ ពិធីការិនី, និងអ្នកផលិតមាតិកាព័ត៌មាន (Influencer) សរុបប្រមាណ ៣០០នាក់ ។

ក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការដាក់ចេញយុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” បង្កើតបាននូវកាលានុវត្តភាពសម្រាប់ប្រជាជនទូទាំងប្រទេស ចូលរួមក្នុងការផ្សព្វផ្សាយ និងទាក់ ទាញភ្ញៀវទេសចរ សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ សម្បូរបែប ពោរពេញដោយភាពកក់ក្តៅ និងស្នាមញញឹម ។ ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ទៀតថា យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងរយៈពេល៦ខែនេះ គិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៥ គឺទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ គម្រោងផ្តួចផ្តើមនេះពិតជាបានឆ្លុះបញ្ចាំងអំពីភាពអន្តរសកម្មរវាងក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ឋ ផ្នែកឯកជន អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងឡាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សូមបញ្ជាក់ថា យុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” ដែលដាក់ចេញដោយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានចក្ខុវិស័យសំខាន់ៗចំនួន ៣ គឺ៖ ទី១ ការបង្កើនភាពទាក់ទាញទេសចរអន្តរជាតិ, ទី២ ជំរុញចលនាទេសចរក្នុងស្រុក និង ទី៣ ពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន ជាពិសេសបំពេញបន្ថែមចរន្តទេសចរក្នុងរដូវកាលបៃតង ពីខែឧសភា ដល់ខែតុលា សំដៅជំរុញកម្ពុជា ឱ្យក្លាយជាគោលដៅទទួលបានកំណើនទេសចរពេញមួយឆ្នាំ (Year Round Destination)។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ជម្រាបជូនអង្គសិក្ខាសាលាថា ការផ្លាស់ប្តូរតែឈ្មោះរដូវកាល ពិតជាពុំធ្វើឱ្យរដូវកាលបៃតងទទួលបានលទ្ធផលប្រកបដោយភាពវិជ្ជមាននោះទេ ប្រសិនបើមិនមានការដាក់ចេញនូវផែនការយុទ្ធសាស្ត្រច្បាស់លាស់, ការចាត់តាំងការអនុវត្តឱ្យបានត្រឹមត្រូវ, ព្រមទាំងមានការតាមដានត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ ដូចបានរៀបចំសិក្ខាសាលានៅថ្ងៃនេះ។ ម៉្យាងទៀត, សមិទ្ធផលសម្រេចបានកន្លងមកពិតជាបានឆ្លុះបញ្ចាំងពីកិច្ចសហការគ្នារបស់គ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ ស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់៕

អត្ថបទ : គង់ សុផុល
រូបភាព : ក្រសួងទេសចរណ៍

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner