អ៊ីស្រាអែលបាញ់រះលើកម្លាំងមួកខៀវនៅលីបង់
បេរូត ៖ ទាហានអ៊ីស្រាអែលបានបាញ់រះ ទៅលើកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូង ប្រទេសលីបង់ នេះបើតាមការបញ្ជាក់ផ្ទាល់ របស់មន្ត្រីមួកខៀវទាំងនេះ កាលពីថ្ងៃពុធ។
ប្រភពបាននិយាយថា អ៊ីស្រាអែលបានបាញ់ប្រហារ កាលពីថ្ងៃអង្គារ តែ គ្មានអ្នករងរបួស នោះទេ។ កងរក្សាសន្តិភាព ហៅកាត់ UNIFIL កំពុងដើរតួ ជារបាំងការពារ រវាងអ៊ីស្រាអែល និងលីបង់ ហើយបាននិងកំពុងធ្វើការ ជាមួយកងទ័ពរបស់ប្រទេសមួយនេះ ដើម្បីគាំទ្របទឈប់បាញ់ រយៈពេលមួយឆ្នាំ រវាងអ៊ីស្រាអែល និង ក្រុមសកម្មប្រយុទ្ធ Hezbollah ។
សេចក្តីថ្លែងការណ៍របស់ UNIFIL កាលពីថ្ងៃទី១០ ខែធ្នូ បានរៀបរាប់ថា «កាលពីម្សិលមិញ កងរក្សាសន្តិភាពបានជិះក្នុងរថយន្តដើរល្បាត តាមខ្សែបន្ទាត់ពណ៌ខៀវ ក៏ត្រូវបានបណ្តេញចេញដោយទាហាន IDF ឬ កងទ័ពអ៊ីស្រាអែល ដែលជិះនៅក្នុងរថក្រោះ»។ សេចក្តីថ្លែងការណ៍ បាននិយាយទៀតថា «ការផ្ទុះកាំភ្លើងយន្ត ១០គ្រាប់ ត្រូវបានបាញ់ ពីលើក្បួនរថយន្ត ហើយការផ្ទុះ១០គ្រាប់ទៀត ត្រូវបានបាញ់ នៅក្បែរនោះ សំណាងល្អ គ្មាននរណាម្នាក់ រងរបួស»។
ប្រភពបញ្ជាក់ថា «ការវាយប្រហារ នៅលើ ឬ នៅជិត កងរក្សាសន្តិភាព គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ របស់ UN លេខ 1701»។ UNIFIL បានជំរុញឱ្យកងទ័ពអ៊ីស្រាអែល “បញ្ឈប់អាកប្បកិរិយាឈ្លានពាន” នេះ។
កាលពីខែមុន, UNIFIL អះអាង ថា ទាហានអ៊ីស្រាអែលក៏បានបាញ់ ទៅលើកងទ័ពរបស់ខ្លួននៅភាគខាងត្បូង ប្រទេសលីបង់ ផងដែរ ខណៈដែលយោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានយល់ច្រឡំ ពួកមួកខៀវទាំងនោះ ថា ជា “ជនសង្ស័យ” ហើយអះអាងថា គ្រាន់តែជាការបាញ់ព្រមាន៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត