ទាហានថៃ បង្កើនការវាយប្រហារមកលើកម្ពុជា កាន់តែខ្លាំង
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា យោធាថៃបានបង្កើនការបាញ់មកលើតំបន់ឈរជើងរបស់កងទ័ព និងតំបន់រស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដោយប្រើកាំភ្លើងចម្រុះគ្រប់ប្រភេទ និងមិនរើសគោលដៅ។
ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃ នៅព្រឹកថ្ងៃសុក្រទី ១២ ខែធ្នូនេះ លោកជំទាវ លើកឡើងថា យោធាថៃ ដែលលោកជំទាវហៅថាជាទាហានឈ្លានពាន បានបាញ់យ៉ាងសន្ធាប់មកលើកងទ័ព និងប្រជាជនកម្ពុជា នៅសមរភូមិទិសយោធភូមិភាគទី៤ ចាប់ពីម៉ោង ១០យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងនោះ យោធាថៃ បានបាញ់កាំភ្លើងយន្តចេញពីលើរថក្រោះ នៅតំបន់ជាំតែ និងផ្ទះតាម៉ុក។ ក្រុមទាហានទាំងនេះ បានប្រើប្រាស់កាំភ្លើង snipper ដែលជាកាំភ្លើងបាញ់ស៊ីបតម្រង់គោលដៅលើជនរងគ្រោះពីចម្ងាយ បាញ់កាំភ្លើងត្បាល់ និងកាំភ្លើងយន្ត នៅប្រាសាទតាមាន់ និងប្រាសាទតាក្របី។ ហើយនៅព្រឹកថ្ងៃសុក្រនេះដែរ យោធាថៃបានចាប់ផ្តើមប្រើកាំភ្លើងទាំងពីរប្រភេទនេះគ្រប់គោលដៅ នៅតំបន់ អានសេះ, ភ្នំ៥០០, អូរផ្កាស្នេហ៍, ទ្វារដែក និងភ្នំពងចាប។ជាមួយគ្នាយោធាថៃ ក៏បានចាប់ផ្តើមវាយប្រហារដោយប្រើកាំភ្លើងធំគ្រប់ធន់មកភូមិសាស្ត្រថ្មដូន, ជប់គគីរ និងប្រាសាទតាក្របី។
ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បន្ថែមថា យោធាថៃ បានបន្តបាញ់ប្រហារមកលើកម្ពុជាច្រើនតំបន់នៅទិសភូមិភាគ ៥ ចាប់ពីម៉ោង ១០យប់ ថ្ងៃទី ១១ខែធ្នូ រហូតដល់ម៉ោង ៨ព្រឹក ថ្ងៃទី ១២ ខែធ្នូ។ ក្នុងនោះដែរ យោធាថៃ បានប្រើប្រាស់ផ្សែងពុល និងបាញ់ប្រហារដោយកាំភ្លើងយន្ត មកលើភូមិសាស្ត្រព្រៃចាន់ បាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន ព្រមទាំងប្រើប្រាស់ដ្រូនហោះស៊ើបការណ៍ផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិកត់សម្គាល់ថា យោធាថៃ បានបើកការបាញ់ប្រហារដោយមិនរើសគោលដៅ បាញ់ចូលទីប្រជុំជនភូមិដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេសជាសាលារៀនរបស់កុមារ និងបានបាញ់បំផ្លាញប្រាសាទតាក្របី, ប្រាសាទព្រះវិហារជាទី សក្ការៈ របស់កម្ពុជា និងបេតិកភណ្ឌរបស់មនុស្សជាតិ៕
ជិន ម៉ាដេប៉ូ