ថៃទំនងជាចង់ពង្រីកទីតាំងប្រយុទ្ធ៖កម្ពុជាទាត់ចោលព័ត៌មាន កម្ពុជាថាបានបន្ថែមទ័ពនៅចន្ទបុរី-ត្រាត
ភ្នំពេញ៖ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបដិសេធយ៉ាងដាច់អហំង្ការចំពោះព័ត៌មានថៃដែលបានអះអាងថាកម្ពុជាបានបន្ថែមទ័ពនៅចន្ទបុរី-ត្រាតវាយប្រហារគំរាមកំហែងថៃ។
ដោយផ្អែកលើការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពជើងអាកាសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបន្ថែមទ័ពនៅចន្ទបុរី-ត្រាតវាយប្រហារគំរាមកំហែងថៃ ,ក្រសួងការពារជាតិនៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថា កម្ពុជាសូមទាត់ចោលយ់ាងដាច់អហង្ការនូវខ្លឹមសារដែលបានចុះផ្សាយក្នុងផេកផ្លូវការកងទ័ពជើងអាកាសថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។
ក្រសួងការពារជាតិបានបញ្ជាក់ទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនាក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវ និងពង្រីកការរំលោភបំពានមកលើកម្ពុជា។
ជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិតដោយទាហានថៃ ត្រូវបានអ្នកតាមដានស្ថានភាពជម្លោះព្រំដែនកម្ពុជា- ថៃយល់ថា នេះទំនងជាចេតនាយោធាថៃក្នុងការពង្រីកតំបន់វាយប្រហាររបស់ខ្លួនក្នុងបំណងឈ្លានពានលើទឹកដីកម្ពុជា ខណៈតំបន់ទាំងនោះ
ពុំទាន់មានការប្រយុទ្ធនៅឡើយនាពេលកន្លងមក៕

ដោយ៖មុនី