អាមេរិក មានគម្រោងចាប់ដៃ រុស្ស៊ី បង្កើតក្រុមប្រទេស G5 ទាត់ចោលប្លុក G7

វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងមានគម្រោងចាប់ដៃរុស្ស៊ីដោយសម្ងាត់ ដើម្បីរៀបចំផែនការបង្កើតប្លុកក្រុមប្រទេស G5 ដោយត្រៀមទាត់ចោលក្រុមប្រទេស G7 ដែលគ្រប់គ្រងដោយលោកខាងលិច ។

ក្នុងករណីដែលក្រុមប្រទេស G5 លេចរូបរាងឡើងមែននោះ ប្រទេសទាំងនេះនឹងមាន អាមេរិក រុស្ស៊ី ចិន ឥណ្ឌា និងជប៉ុន ។

នៅក្រោមក្របខណ្ឌនេះ, ក្រុមប្រទេសទាំង ៥ នឹងរៀបចំកិច្ចប្រជុំកំពូល ជាទៀងទាត់ ស្រដៀងទៅនឹងប្លុក G7 ដោយផ្ដោត របៀបវារៈជាពិសេសលើសន្តិសុខ នៅមជ្ឈិមបូព៌ា និង ការធ្វើឱ្យមានប្រក្រតីភាព នៃទំនាក់ទំនង រវាងអ៊ីស្រាអែល និង អារ៉ាប៊ីសាអូឌីត ។

បើតាមសារព័ត៌មាន Defence One, «ប្លុកទាំង៥» ជាវេទិកាសម្រាប់ការសន្ទនា ក្នុងចំណោមមហាអំណាចធំៗ នៅខាងក្រៅក្របខ័ណ្ឌ G7 ។ ផែនការបង្កើត G5 នេះ គឺជាចំណុចកែប្រែ នៅក្នុងសេចក្តីព្រាង យុទ្ធសាស្ត្រសន្តិសុខជាតិអាមេរិក ដែលត្រូវបានចេញផ្សាយដោយរដ្ឋបាល របស់ប្រធានាធិបតី Donald Trump កាលពីសប្តាហ៍មុន ។

យោងតាមសារព័ត៌មាន RT, ផែនការបង្កើតប្លុកថ្មីនេះ ត្រូវបានទម្លាយឲ្យដឹង ចំពេលដែលមានភាពចម្រូងចម្រាស់ ក្នុងការបញ្ជូលរុស្ស៊ី ទៅក្នុងក្រុម G7 ឡើងវិញ ពោលគឺបន្ទាប់ពីព្យួរសមាជិកភាព របស់ប្រទេសមួយនេះ នៅឆ្នាំ ២០១៤ ជុំវិញការបង្រួបបង្រួមតំបន់គ្រីមៀ។

លោក Donald Trump បាននិយាយ ម្តងហើយម្តងទៀតថា ការដករុស្ស៊ីចេញពីក្រុម G7 គឺជា “កំហុសដ៏ធំមួយ” ហើយប្រសិនបើទីក្រុងម៉ូស្គូ នៅតែជាសមាជិកនោះ នឹងគ្មានសង្គ្រាមអ៊ុយក្រែន ឆ្នាំ២០២២ កើតឡើងនោះទេ។

ឆ្លើយតបនឹងបញ្ហានេះ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និយាយថា រុស្ស៊ីមិនមានផែនការ ចូលរួមជាមួយក្រុមប្រទេស G7 ឡើងវិញនោះទេ ដោយលើកហេតុផលថា ក្រុមនេះកំពុងបន្តធ្លាក់ចុះឥទ្ធិពល ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner