របបសឹកមីយ៉ាន់ម៉ា ថា មិនបានទម្លាប់គ្រាប់សម្លាប់ជនស៊ីវិល ក្នុងមន្ទីរពេទ្យ
ណៃពិដោ ៖ របបសឹក នៅប្រទេស មីយ៉ាន់ម៉ា បានចេញមុខប្រកាសបដិសេធថា គេមិនបានទម្លាក់គ្រាប់បែក សម្លាប់ជនស៊ីវិល អំឡុងការវាយប្រហារ នៅមន្ទីរពេទ្យធំមួយ នាពេលថ្មីៗនេះទេ ដោយអះអាងថា អ្នកស្លាប់នោះ គឺ ជាភេរវករ។
អត្ថបទសារព័ត៌មានរដ្ឋ Global New Light of Myanmar បានចេញផ្សាយ នៅថ្ងៃសៅរ៍នេះ ថា «អ្នកស្លាប់ ឬ របួស មិនមែនជាជនស៊ីវិលទេ ប៉ុន្តែ ជាភេរវករ និង អ្នកគាំទ្រ របស់ពួកគេ»។ ជាការលើកឡើង ក្រោយពេលដែល កងកម្លាំងបំបែកខ្លួន បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស៣៣ នាក់ត្រូវបានសម្លាប់ និង ៧៦ នាក់រងរបួស នៅក្នុងការវាយប្រហារនេះ។
កាលពីល្ងាចថ្ងៃពុធ យន្តហោះយោធាមួយគ្រឿងបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យធំ ស្ថិតនៅទីប្រជុំជន Mrauk-U ភាគខាងលិច នៃរដ្ឋរ៉ាឃីន ជាប់ព្រំដែននឹងប្រទេស បង់ក្លាដែស នេះបើតាមបុគ្គលិកមន្ទីរពេទ្យ ចំនួនពីរនាក់ បានរៀបរាប់ប្រាប់ឲ្យដឹង។
អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានទាមទារឱ្យមានការស៊ើបអង្កេត ដោយនិយាយថា ការវាយប្រហារនេះ អាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម។
ក្រុមអ្នកឃ្លាំមើលជម្លោះ បាននិយាយថា របបយោធា ដែលណ្តើមអំណាចបាន តាមរយៈរដ្ឋប្រហារឆ្នាំ ២០២១ បានបង្កើនការវាយប្រហារតាមអាកាស កាន់តែខ្លាំង ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ជាការបង្កើនសកម្មភាព ស្របពេលដែល កងកម្លាំងការពារប្រជាជន ហៅកាត់ PDF ក៏បានក្រោកឡើងដើម្បីប្រឆាំងរដ្ឋប្រហារយោធា កាលពីបួនឆ្នាំមុន។
ជាក់ស្តែង ជុំវិញហេតុការណ៍ទម្លាក់គ្រាប់បែក នៅមន្ទីរពេទ្យ កាលពីថ្ងៃទី១០ ខែធ្នូ រដ្ឋាភិបាលយោធាអះអាងថា ជាការអនុវត្តវិធានការសន្តិសុខចាំបាច់ ប្រឆាំងភេរវកម្ម ដោយចោទថា អគារនេះត្រូវបានប្រើប្រាស់ជាមូលដ្ឋាន ដោយពួកភេរវករ AA និង PDF៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត