អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស រៀបចំមហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ«មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព» រកប្រាក់ជំនួយជួយកងទ័ព និងជនភៀសសឹកក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

អត្ថបទដោយ៖
Sophol Kung

ខ្សែរាជ្យវង្សមួយអង្គ គឺអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស បានរៀបចំមហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ ដើម្បីប្រមូលថវិការចំណេញទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក ដែលកំពុងរងផងប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ។


មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ ត្រូវបានឲ្យឈ្មោះថា «មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព» ដែលបាននឹងកំពុងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ គឺកាលពីថ្ងៃទី១២ និងនៅទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសាលមហោស្រពណាបា នៃណាហ្កាវើលដ៍២ ក្នុងរាជធានីភ្នំពេញ ។ ការសម្តែងពិសេស នៃល្ខោនអូប៉េរ៉ា Don Giovanni ដែលជាវណ្ណកម្មរបស់ Mozart បានចូលរួមចំណែកជួយដោយផ្ទាល់ដល់សហគមន៍ជនភៀសសឹក ដែលបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែង ដែលស្ថិតនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅក្នុងលិខិតមួយទូលថ្វាយ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស បានសម្តែងនូវសេចក្តីរីករាយក្រៃលែង និងបានគាំទ្រ និងអបអរសាទរចំពោះគំនិតនៃការរៀបចំមហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ នៃការសម្តែងពិសេស នៃល្ខោនអូប៉េរ៉ា Don Giovanni នេះ ។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកាយវិការដ៏វិសេសថ្លៃថ្លានេះ ដែលជាសក្ខីភាព នៃស្មារតីសាមគ្គីភាព និងភាតរភាពដ៏រឹងមាំ ប្តេជ្ញាប្តូរផ្តាច់រួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាល ជាពិសេសវីរកងទ័ពជួរមុខ និងជនភៀសសឹក ។


អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស បានមានព្រះបន្ទូលថា ល្ខោនអូប៉េរ៉ា ជាល្ខោនបែបបញ្ចឹមប្រទេស ដែលព្រះអង្គបានសព្វព្រះទ័យតាំងពីព្រះនៅវ័យកុមារមកម៉្លេះ ហើយព្រះអង្គ ក៏ធ្លាប់បានចូលរួមសម្តែងល្ខោនអូប៉េរ៉ានេះ ផងដែរ ។ ព្រះអង្គ ចង់ឲ្យក្មេងៗកម្ពុជាជំនាន់ក្រោយបានស្គាល់ល្ខោនអូប៉េរ៉ាដ៏ល្បីល្បាញនេះ ព្រោះនៅកម្ពុជា មានល្ខោនហ្លួង មានល្ខោនយីកេ មានល្ខោនបាសាក់ មានល្ខោននិយាយជាដើម ។ ហើយល្ខោន អូនប៉េរ៉ា នេះ គឺជាល្ខោនមួយដែលមានលេងភ្លេង មានច្រៀង មានរាំ ។ ព្រះអង្គមានបន្ទូលបន្តថា ការរៀបចំសម្តែងល្ខោនអូប៉េរ៉ា រឿង Don Giovanni នៅពេលនេះ គឺទ្រង់បានរៀបចំឲ្យមានការបញ្ចូលសិល្បៈវប្បធម៌ខ្មែរ ដែលចូលរួមសម្តែងដោយសិល្បករខ្មែររួមជាមួយផងដែរ និងរួមទាំងមានការចូលរួមពីបណ្តាប្រទេសជាច្រើនមានអ៊ីតាលី ជប៉ុន ហុងគ្រី និងម៉ាឡេស៊ីជាដើម ដែលបានធ្វើឲ្យផ្ទាំងទស្សនីយភាពនៃការសម្តែងគឺកាន់តែអស្ចារ្យ ។


សាច់រឿង នៃល្ខោនអូប៉េរ៉ា Don Giovanni នេះ ដែលបានសម្តែងរួចមកនេះ បានមានភាពប្រទាក់ក្រឡាដ៏គួរឱ្យជក់ចិត្តពីឈុតមួយទៅឈុតមួយទៀត ដែលមានបង្កប់សារអំពីសីលធម៌ ដែលច្រៀងដោយអ្នកចម្រៀងទោលជាការសង្ខេបសាច់រឿង ។ រឿងនេះ បានបង្ហាញនូវមធ្យោបាយជាច្រើន ដើម្បីអំពាវនាវឱ្យមានការយល់ដឹងស៊ីជម្រៅអំពីធម្មជាតិរបស់មនុស្ស អំពីការដែលមនុស្សងាយនឹងលង់ខ្លួនបណ្តោយឱ្យតណ្ហាដឹកមុខ ហើយតណ្ហា នឹងនាំទៅរកភាពវិនាស ព្រមទាំងការតស៊ូរវាងចំណង់តណ្ឌា និងការព្យាយាមធ្វើឱ្យខ្លួនឯងរស់នៅប្រកបដោយសីលធម៌ល្អ ។ តាមរយៈដំណើររឿងនេះ លោក Mozart នឹងនាំទស្សនិកជនទៅមើលទិដ្ឋភាពនៃដំណើរផ្សងព្រេងដ៏រីករាយរបស់អភិជនអេស្ប៉ាញម្នាក់នេះ ដែលជាអ្នកឈ្លក់វង្វេងនឹងស្រីៗស្អាត ហើយទីបំផុតក៏ត្រូវធ្លាក់ទៅក្នុងនរក។


មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ បានដាក់ក្តីសង្ឃឹមថា ទស្សនិកជនទាំងអស់គ្នា ក្រុមហ៊ុន ស្ថានទូត អង្គការក្រៅរដ្ឋាភិបាល និងសមាគមវប្បធម៌នានា នឹងចូលរួមតាមរយៈតន្ត្រី ដើម្បីជួយដល់អ្នកដែលកំពុងត្រូវការជំនួយ ។ សម្រាប់សំបុត្រ និងព័ត៌មានបន្ថែម សូមចូលក្នុងគេហទំព័រ ៖ www.phnompenhopera.com ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ហេង សម្បត្តិ

ads banner