អាជ្ញាធរជាតិអប្សរាប្រារព្ធពិធីបួងសួងសុំសេចក្តីសុខសន្តិភាពនៅប្រាសាទអង្គរវត្ត
សៀមរាប៖អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីបួងសួងសុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅខាងមុខប្រាសាទអង្គរ ក្នុងពិធីបុណ្យរំលឹកគុណអង្គរ ខណៈបុណ្យរំលឹកគុណអង្គរនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ
ឆ្នាំ២០២៥។
ពិធីបួងសួងសុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជាដែលរៀបចំឡើងកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥បានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរានិងចូលរួមទាំងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរាយ៉ាងច្រើនកុះករ។
ដោយឡែកពិធីបួងសួងនៃពិធីបុណ្យរំលឹកគុណអង្គរ គឺក្នុងគោលបំណងរំលឹកគុណដល់បុព្វបុរសខ្មែរ ដែលជាអ្នកកសាងប្រាសាទអង្គរ រួមនិងប្រាសាទបុរាណជាច្រើទៀត ដែលបានបន្សល់ទុកមរតកដ៏មានតម្លៃ សម្រាប់កូនខ្មែរជំនាន់ក្រោយ ព្រមទាំងសុំឱ្យមានសេចក្តីសុខសន្តិភាព ដល់មាតុភូមិកម្ពុជាទាំងមូល និងឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរកងទ័ពខ្មែរគ្រប់ៗជំនាន់ ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី និងជាតិមាតុភូមិ ផងដែរ។
ក្រៅពីពិធីបួងសួងដែលនិមន្តព្រះសង្ឃស្វាធ្យាយជយន្តោ និងបង្សុកូលឧទ្ទិស ចំពោះវិញ្ញាណក្ខន្ធបុព្វបុរស វីរជននៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានអញ្ជើញទៅអុជធូបបួងសួង នៅតាមទីសក្តិសិទ្ធិជាច្រើនកន្លែង ក្នុងបរិវេណប្រាសាទអង្គរវត្ត៕
ដោយ៖គង់ សុផុល










