អ៊ីស្រាអែលព្រមានពលរដ្ឋឱ្យប្រុងប្រយ័ត្ន ក្រោយអូស្ត្រាលីជួបការបាញ់ប្រហារអ្នកស្លាប់កើនដល់ ១៦នាក់
អ៊ីស្រាអែល ៖ អ៊ីស្រាអែលចេញការព្រមានសន្តិសុខមួយ កាលពីថ្ងៃអាទិត្យ សម្រាប់ពលរដ្ឋខ្លួននៅបរទេសមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីអូស្រ្តាលីទើបជួបប្រទះករណីបាញ់ប្រហារយ៉ាងសាហាវ បណ្តាលឱ្យមនុស្សស្លាប់កើនឡើងដល់១៦នាក់ និងជំរុញឱ្យចៀសវាងការជួបជុំទ្រង់ទ្រាយធំ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែលបានជំរុញឱ្យជនជាតិខ្លួននៅក្រៅប្រទេស “ប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង” នូវវិធានការណ៍ប្រុងប្រយ័ត្ន រួមទាំងជៀសវាងការជួបជុំទ្រង់ទ្រាយធំ ដែលគ្មានកងកម្លាំងសន្តិសុខការពារ ។
ក្រុមប្រឹក្សានេះក៏បានអំពាវនាវដល់ពលរដ្ឋអ៊ីស្រាអែលឱ្យ “រក្សាការប្រុងប្រយ័ត្ននៅសហគមន៍របស់ជនជាតិជ្វីហ្វ និងអ៊ីស្រាអែលនៅបរទេស ហើយរាយការណ៍ទៅអាជ្ញាធរសន្តិសុខភ្លាមៗ បើសិនមានមនុស្ស ឬវត្ថុគួរឱ្យសង្ស័យ ។
ការព្រមាននេះ កើតឡើងក្រោយមានករណីបាញ់សម្លាប់រង្គាលនៅឆ្នេរដ៏ល្បីល្បាញក្នុងទីក្រុងស៊ីដនី របស់ប្រទេសអូស្រ្តាលី អំឡុងពេលប្រារព្ធពិធីបុណ្យ Hanukkah របស់ជនជាតិជ្វីហ្វ ។ បើតាមប៉ូលិសអូស្រ្តាលី, នេះគឺជា «ឧបទ្ទវហេតុភេរវកម្ម» ខណៈជនដៃដល់ម្នាក់ត្រូវបានបាញ់សម្លាប់ និងម្នាក់ទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
សូមរម្លឹកថា អូស្រ្តាលីជួបប្រទះករណីបាញ់ប្រហារដ៏សាហាវបំផុត ក្នុងឆ្នាំ ១៩៩៦ បណ្តាលឱ្យស្លាប់មនុស្សចំនួន ៣៥នាក់ នៅតំបន់ Port Arthur ក្នុងរដ្ឋដីកោះ Tasmania ហើយហេតុការណ៍បង្ខំឱ្យអូស្រ្តាលីកែប្រែច្បាប់កាន់កាប់កាំភ្លើងរបស់ប្រទេស ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា



