លោក ឆាំង យុ៖ កិច្ចការជាតិ និងបរទេសរបស់ប្រទេសថៃ
លោក បាឡានគូរ៉ា អ្នកនាំពាក្យនៃក្រសួងការបរទេសថៃ បានថ្លែងថាប្រទេសថៃទាមទារលក្ខខណ្ឌចំនួនបីសម្រាប់ការចរចាបទឈប់បាញ់៖ ទី១)កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាសាធារណៈ; ទី២)បទឈប់បាញ់ត្រូវតែអនុវត្តនិងរក្សាឱ្យបាន; និង ទី៣)កម្ពុជាត្រូវតែសហការប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីន។
ជាការឆ្លើយតបរបស់ខ្ញុំ ចំពោះលក្ខខណ្ឌទាំងបីនេះគឺសាមញ្ញ៖ វាគឺជាលក្ខខណ្ឌដែលគ្មានភាពច្បាស់លាស់សម្រាប់ការស្វែងរកសន្តិភាព ខណៈពេលដែលប្រទេសថៃកំពុងបន្តធ្វើការវាយប្រហារដោយមិនសមហេតុផលមកលើប្រជាជនស៊ីវិលនៅប្រទេសជិតខាង ដែលនេះគឺជាការចំអកនិងមាក់ងាយច្បាប់អន្តរជាតិ។
ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានសម្របសម្រួលនិងគាំទ្រដោយសហរដ្ឋអាមេរិក ប្រទេសថៃមានកាតព្វកិច្ចក្នុងការបញ្ឈប់រាល់សកម្មភាពអរិភាពទាំងអស់របស់ខ្លួនដែលកំពុងរំលោភបំពានលើកិច្ចព្រមព្រៀង។ ចាប់តាំងពីប្រទេសថៃបានយល់ព្រមលើកិច្ចព្រមព្រៀងនេះ ទាហានថៃបានធ្វើសកម្មភាពផ្ទុយស្រឡះ និងខុសពីខ្លឹមសារ និងស្មារតីក្នុងការអនុវត្តនូវបទឈប់បាញ់។ ប្រទេសថៃបានបង្កើនការវាយប្រហារ និងឈ្លានពានរបស់ខ្លួនកាន់តែខ្លាំងឡើង រួមទាំងការវាយលុកតាមផ្លូវគោកចូលមកក្នុងទឹកដីប្រទេសកម្ពុជា ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់គ្រាប់ផ្លោងដោយកាំភ្លើងធំ ជាងនេះទៅទៀតប្រទេសថៃបានពង្រីកសមរភូមិប្រយុទ្ធដែលធ្វើឱ្យខេត្តជាច្រើនក្នុងប្រទេសកម្ពុជាទទួលរងនូវការវាយប្រហារ និងបណ្ដាលឱ្យមានប្រជាជនខ្មែរស្លូតត្រង់យ៉ាងច្រើនលើសលប់រងរបួសនិងបាត់បង់ជីវិត។
នេះគឺមិនមែនជាសកម្មភាពដែលសមហេតុផលសម្រាប់ប្រទេសមួយដែលមានភាពចាស់ទុំក្នុងការការពារខ្លួននោះទេ។ នេះគឺជាសកម្មភាពរបស់ប្រទេសដែលមានចេតនាបង្កជម្លោះដើម្បីដណ្តើមកាន់កាប់ទឹកដីទាំងបំពានច្បាប់អន្តរជាតិពីប្រទេសដែលមានសន្តិភាព។ ពិភពលោកមិនត្រឹមតែនឹងកត់សម្គាល់អំពីលក្ខខណ្ឌដែលគ្មានភាពច្បាស់លាស់ក្នុងស្វែងរកសន្តិភាពរបស់ប្រទេសថៃតែប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកនឹងចងចាំជារៀងរហូតអំពីការឈ្លានពានទាំងមិនសមហេតុផលដោយប្រទេសថៃ និងការទាមទារដោយខុសច្បាប់មកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥
