ចិនព្រមានថា របបយោធានិយមជប៉ុន នឹងធ្វើឱ្យប្រទេសក្នុងតំបន់ប្រឈមហានិភ័យ

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ព្រមានថា និន្នាការដ៏គ្រោះថ្នាក់នៃការបង្កើតរបបយោធានិយមរបស់ជប៉ុនឡើងវិញ នឹងធ្វើឱ្យប្រទេស និងប្រជាជនក្នុងតំបន់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ឬប្រឈមមុខនូវហានិភ័យនៃជម្លោះ ។ នេះបើតាមស៊ីនហួរចុះផ្សាយថ្ងៃពុធ ។

ការអត្ថាធិប្បាយរបស់លោក Guo ធ្វើឡើងខណៈដែលប្រទេសជប៉ុនគ្រោងបញ្ចេញកញ្ចប់ថវិកាដ៏ធំមិនធ្លាប់មានដល់ទៅ ៥៨.១២ ពាន់លានដុល្លារ ដើម្បីពង្រឹងវិស័យការពារជាតិនៅឆ្នាំក្រោយ ខណៈដែលជម្លោះការទូតរវាងគូរសត្រូវចាស់ទាំងពីរកាន់តែឡើងកំដៅ ។

ឆ្លើយតបការលើកឡើងរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi ពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ លោក Guo បានគូសបញ្ជាក់ថា គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានមូលដ្ឋានដែលទទួលស្គាល់ជាសកល នៅក្នុងទំនាក់ទំនងអន្តរជាតិ និងជាការឯកភាពគ្នាជាសកលរបស់សហគមន៍អន្តរជាតិ រួមទាំងប្រទេសអាស៊ីអាគ្នេយ៍ផងដែរ ។

លោក Guo បានសង្កត់ធ្ងន់ថា ការកត់សម្គាល់ខុសឆ្គងលើបញ្ហាតៃវ៉ាន់របស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ។

បើតាមអ្នកនាំពាក្យរូបនេះ ភាគីជប៉ុនត្រូវយកចិត្តទុកដាក់ចំពោះការអំពាវនាវ និងកែតម្រូវកំហុសឆ្គងរបស់ខ្លួន ជំនួសឱ្យការបង្កើតភាពចលាចល និងបញ្ហា ។ លោកថា ការការពារសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម និងការថែរក្សាមនសិការ និងយុត្តិធម៌របស់មនុស្សជាតិ គឺសម្រាប់បម្រើជាផលប្រយោជន៍រួមរបស់គ្រប់ភាគីទាំងអស់ ហើយក៏ជាជម្រើសដែលចាំបាច់ផងដែរ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner