លោក សោម រតនា ៖ «កម្មវិធីដើរដើម្បីសន្តិភាព គឺផ្តោតសំខាន់លើអត្ថន័យខ្លឹមសារនៃការរៀបចំ ជាជាងចំនួនអ្នកចូលរួម»
ភ្នំពេញ៖នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានផ្តួចផ្តើមរៀបចំកម្មវិធី «ដើរដើម្បីសន្តិភាព» ក្នុងគោលបំណងបង្ហាញស្មារតីស្រលាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទ ឈប់បាញ់ និងកិច្ចព្រមព្រៀមសំដៅសម្រេចបានសន្តិភាពព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
បើតាមប្រសាសន៍ លោក សោម រតនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈស.ស.យ.ក. បានបញ្ជាក់ឱ្យដឹងថា ដំណើរព្យុហយាត្រាដើម្បីសន្តិភាពនៅថ្ងៃនេះ ធ្វើឡើងដើម្បីបង្ហាញពីបំណងប្រាថ្នារបស់កម្ពុជាក្នុងការចង់បាននូវសុខសន្តិភាព។កម្ពុជាចង់បានសន្តិភាព គឺដោយសារកម្ពុជាមិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំងសងខាងឡើយ ព្រោះនេះជាអ្វី ដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចហើយ។
ឆ្លើយតបជាមួយអ្នកសារព័ត៌មានទាក់ទងនឹងចំនួនអ្នកចូលរួមលោក សោម រតនា បានលើកឡើងថា បើទោះជាយើងមានការអំពាវនាវឱ្យមានការចូលរួមពីសាធារណៈជន ប៉ុន្តែពិធីនេះ មិនផ្តោតសំខាន់លើចំនួនមនុស្សច្រើន ឬតិចឡើយ។ លោកសង្កត់ធ្ងន់ថា «កម្មវិធីដើរដើម្បីសន្តិភាព គឺផ្តោតសំខាន់លើអត្ថន័យខ្លឹមសារនៃការរៀបចំ ជាជាងចំនួនអ្នកចូលរួម»។ អ្វីដែលសំខាន់គឺ ផ្តោតលើការផ្ញើសារជាសំឡេងរួម ជូនទៅពិភពលោក ក៏ដូចជាប្រជាជនថៃ ដែលស្រលាញ់សន្តិភាព អំពីបំណងប្រាថ្នាពិតរបស់ប្រជាជនកម្ពុជា។
សូមជម្រាបជូនថា ដំណើរព្យុហយាត្រាដើម្បីសន្តិភាព នឹងចាប់ផ្តើមពីទីតាំងបរិវេណផ្សាររាត្រី នារសៀលម៉ោង ៣:០០នាទីរសៀលនេះ រួចធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ដោយនឹងមានការប្រារព្ធពិធីថ្លែងសារនៅទីនោះផងដែរ ៕



ដោយ៖ វណ្ណលុក