តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន គឺជាប្រធានបទសំខាន់នៃវេទិកានិពន្ធនាយកឆ្នាំ

អត្ថបទដោយ៖
Sophol Kung

ភ្នំពេញ៖ក្លិបអ្នកកាសែតកម្ពុជា នឹងរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ នៅរាជបណ្ឌិតសភាកម្ពូជារាជធានីភ្នំពេញ។យោងតាមសេចក្តីជូនដំណឹងរបស់ក្លិបអ្នកកាសែតកម្ពុជា «តួនាទីអ្នកសារព័ត៌មាន​នៅពេលមានជម្លោះព្រំដែន» គឺជាប្រធានបទសំខាន់នៃវេទិកានេះ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្លិបអ្នកកាសែតកម្ពុជាបានបញ្ជាក់ថា វេទិការយៈពេលពេញមួយថ្ងៃ​ ដើម្បីផ្តល់ឱកាសដល់​នាយក​គ្រប់គ្រង និពន្ធនាយក ឬអ្នក​ដឹកនាំស្ថាប័នសារព័ត៌មានគ្រប់ទម្រង់បានជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ និងសម្រេច​ចេញ​សេចក្តីថ្លែង​ការណ៍​រួមមួយ ដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងដំណើររួមគ្នាឆ្ពោះទៅការលើកកម្ពស់​សេរីភាពរបស់អ្នក​សារព័ត៌មាន​ក្នុងពេលមានជម្លោះព្រំដែន ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជាតិ ដែលមានបទពិសោធន៍ នឹងចូលរួមជាអធិបតី និងចែករំលែកចំណេះដឹងទាក់ទងវិស័យសារព័ត៌មានក្នុងវេទិកាដ៏មានសារៈ​សំខាន់​នេះ។អ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង និងអ្នកទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ​ព័ត៌មាន​ជិត​២០០នាក់ និងវាគ្មិនដៃលមានបទពិសោធន៍លើវិស័យសារព័តមាន ត្រូវបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ទៀតថា ការលើកយកប្រធានបទខាងលើមកពិភាក្សា ក៏ដើម្បីផ្តល់នូវចំណេះដឹង និងបទ​ពិសោធន៍បន្ថែម ក៏ដូចជាការពង្រឹងស្មារតីទទួលខុសត្រូវលើអត្ថបទព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មាន និងពាក្យពេចន៍មុននឹង​ផ្សព្វផ្សាយព័ត៌មាន ដែលទាក់ទងនឹងជម្លោះ ជូនដល់សាធារណជនជាតិ និងអន្តរជាតិ ដោយចៀសវាងព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ការបញ្ឆេះកំហឹងជាតិសាសន៍ ក៏ដូចជាព័ត៌ មានបង្កឱ្យជម្លោះកាន់តែ​រីករាលដាលជាដើម ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ក្លិបអ្នកកាសែតកម្ពុជា

ads banner