សម្តេចធិបតី៖ កម្ពុជាត្រូវការសន្តិភាព (Cambodia Needs Peace)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ថា មហាគ្រួសារកម្ពុជា មហានៃសាមគ្គីភាពស្មារតីតែមួយ សំឡេងតែមួយបានស្រែកឡើងដូចគ្នា គឺ កម្ពុជាត្រូវការសន្តិភាព សូមផ្ញើជូនពិភពលោកពីបេះដូងដ៏បរិសុទ្ធ និងចេតនាដ៏ស្មោះស្ម័គ្របំផុត។
សម្តេចធិបតីបន្តថា មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ ដើម្បីធ្វើព្យុហយាត្រា «ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងស្មារតីសាមគ្គីភាពជាតិ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សំឡេងរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់ តាមរយៈការផ្ញើសារសន្តិភាពចេញពីបេះដូងប្រជាពលជនខ្មែរ ទៅកាន់សង្គមជាតិ និងសហគមន៍អន្តរជាតិថា កម្ពុជាមិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតណាមួយឡើយ ទោះជាក្នុងកាលៈទេសៈ ឬបរិបទណាក៏ដោយ។
ជាមួយគ្នានេះ សម្តេចធិបតីបានសូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្មារតីចូលរួមយ៉ាងផុសផុល ដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល ក្នុងការខិតខំស្វែងរកសន្តិភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ សូមអរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមរៀបចំកម្មវិធីដ៏មានសារសំខាន់នេះ ដើម្បីផ្តល់ឱកាសឱ្យមហាគ្រួសារខ្មែរចូលរួម និងសម្តែងមតិក្នុងការចង់បានសន្តិភាព៕
ដោយ៖ពលជ័យ
រូបភាព៖ នាំផ្លូវ











