ការចូលរួមក្នុងព្យុហយាត្រា «ដើរដើម្បីសន្តិភាព» បង្ហាញនូវទឹកចិត្ត និងឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលស្រឡាញ់ និងប្តេជ្ញាចិត្តថែរក្សាសន្តិភាព

ភ្នំពេញ៖ ការចូលរួមក្នុងព្យុហយាត្រា «ដើរដើម្បីសន្តិភាព» បានបង្ហាញយ៉ាងច្បាស់នូវទឹកចិត្ត និងឆន្ទៈរួបរួមដ៏មុតមាំ របស់បងប្អូនប្រជាជនកម្ពុជា ដែលស្រឡាញ់ និងប្តេជ្ញាចិត្តថែរក្សាសន្តិភាព ។

ថ្លែងក្នុងកម្មវិធី «ដើរដើម្បីសន្តិភាព» នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណសួនច្បារវិមានឯករាជ្យ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់ថា សំឡេងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរពីគ្រប់ទិសទី ពិតជាមានទម្ងន់ក្នុងការបង្ហាញឆន្ទៈដ៏មុតស្រួចថា យើងចង់បានសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជា ថៃ និងសម្រាប់ប្រជាជាតិទូទាំងប្រទេស ។

ឯកឧត្តមបានបន្តថា ព្យុហយាត្រា «ដើរដើម្បីសន្តិភាព» ដែល ស.ស.យ.ក បានរៀបចំឡើងនាពេលនេះ មានគោលបំណងតែមួយគត់ គឺដើម្បីបង្ហាញទៅអន្តរជាតិ រួមទាំងប្រជាជនថៃផងដែរថា កម្ពុជា មិនត្រូវការសង្គ្រាម កម្ពុជាចង់បានសុខសន្តិភាព ត្រូវការការផ្សះផ្សារ ដើម្បីកសាងជំនឿទុកចិត្តសារជាថ្មី និងបញ្ចប់វិនាសកម្មទាំងឡាយលើប្រជាជាតិប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ វត្តមានជនរួមជាតិទាំងអស់ និងឆន្ទៈដ៏មោះមុតរបស់បងប្អូនខ្មែរយើង ជាសក្ខីភាពឆ្លុះបញ្ចាំងថា ខ្មែរតែងរួមសុខ រួមទុក្ខ និងរួមទទួលខុសត្រូវលើជោគវាសនាជាតិខ្លួន ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញពីមនោសញ្ចេតនាគោរពដឹងគុណចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ពេលវេលា គ្រប់វិនាទី ពីស្ថានភាពនៅសមរភូមិ ព្រមទាំងផ្ដល់ភាពកក់ក្ដៅជូនជនភៀសសឹក និងគោរពនូវវីភាពរបស់កងទ័ពដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ធ្វើជាខែលការពារជាតិកម្ពុជាដ៏រឹងមាំ។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើង បន្តផ្ដល់ជំនឿទុកចិត្តលើរាជរដ្ឋាភិបាលយើង ក្នុងការការពារអធិបតេយ្យភាពជាតិ និងនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជា។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់បន្ថែមថា ការជួបជុំគ្នារបស់មហាគ្រួសារខ្មែរនៅពេលនេះ មិនមែនដើម្បីបង្ហាញកម្លាំង ឬក៏ការគំរាមកំហែងណាមួយឡើយ ផ្ទុយទៅវិញ ជាការជួបជុំដើម្បីបង្ហាញនូវឆន្ទៈរួបរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរ ដែលបញ្ជាក់ថា ប្រជាជនកម្ពុជា ស្រឡាញ់សន្តិភាព គាំទ្រការដោះស្រាយដោយសន្តិវិធី និងឈរជាមួយគ្នានៅពេលជាតិជួបបញ្ហាប្រឈម ។

ប្រជាជនកម្ពុជាទាំងអស់ សង្ឃឹម និងជឿជាក់ថា សារសន្តិភាពរបស់យើង បានជ្រួតជ្រាបដល់សហគមន៍ជាតិ និងអន្តរជាតិ ហើយដំណោះស្រាយសន្តិភាព នឹងកើតមានឡើង ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជាយើង ៕

អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner