ក្រសួងរៀបចំដែនដី និង ADB ផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធការរៀបចំដែនដីដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

ដើម្បីបង្កើនប្រសិទ្ធភាព និងពន្លឿនការងាររៀបចំប្លង់គោលនៃការប្រើប្រាស់ដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំសិក្ខាសាលាមួយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយគោលការណ៍ណែនាំជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងបង្កើត ឱ្យមានការឯកភាពគ្នា និងចូលរួមក្នុងការរៀបចំដែនដី និងនគរូបនីយកម្មទូទាំងប្រទេស។

សិក្ខាសាលា “ការពិនិត្យលើសៀវភៅណែនាំស្ដីពីការរៀបចំផែនការរូបវន្ត និងក្របខណ្ឌគតិយុត្ត”នេះ ត្រូវបានរៀបចំនៅទីស្តីការក្រសួង ក្រោអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ
បានលើកឡើងពីសមិទ្ធផលជាច្រើនដែលសម្រេចបាននៅត្រឹមខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមមាន បច្ចុប្បន្នភាពសេចក្ដីព្រាងសៀវភៅណែនាំស្ដីពីការរៀបចំផែនការរៀបចំដែនដីថ្នាក់ខេត្ដ , បច្ចុប្បន្នភាពសេចក្តីព្រាងសៀវភៅណែនាំស្ដីពីការរៀបចំប្លង់គោលប្រើប្រាស់ដីរាជធានី ក្រុង ស្រុក ខណ្ឌ , និងរបាយការណ៍លទ្ធផលនៃការពិនិត្យឡើងវិញលើស្ថានភាពនៃការអនុវត្ដលិខិតបទដ្ឋានគតិយុត្ដក្នុងវិស័យរៀបចំដែនដី និងនគរូបនីយកម្ម ។

សមិទ្ធផលការងារទាំងនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការងាររៀបចំដែនដី និងនគរូបនីយកម្ម តាមរយៈការណែនាំក្នុងដំណើរការរៀបចំផែនការតម្រង់ទិស និងគ្រប់គ្រងការអភិវឌ្ឍ ទាំងនៅកម្រិតថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានចាត់ទុកការផ្សព្វផ្សាយនេះគឺជាការបោះជំហានថ្មីមួយទៀតដ៏មានសារៈសំខាន់ ហើយក៏ជាជំហានយុទ្ធសាស្ត្ររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅដើមអាណត្តិទី៧នេះ ក្រសួងបានផ្ដើមគោលនយោបាយពូនជ្រុំរដ្ឋបាលសាធារណៈទំនើប មានភាពវៃឆ្លាត ហើយបានដោះស្រាយបញ្ចប់ភាពចម្រូងចម្រាស់នៅក្នុងសង្គមជាតិ និងបង្កើតបរិយាកាសគ្មានវិវាទ តាមរយៈការចុះបញ្ជីដីធ្លីបង្ហើយ។ ជាងនេះទៅទៀត ក្រសួងបានដោះស្រាយវិវាទដីធ្លីសេសសល់ បញ្ហាបុរី ផ្តល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋ និងរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដីសម្រាប់តំបន់បេតិកភណ្ឌពិភពលោកអង្គរ និងតំបន់ជុំវិញបឹងទន្លេសាប ព្រមទាំងបានបន្តអនុវត្តកិច្ចការផ្សេងៗជាច្រើនទៀត សម្រាប់បង្កើតដង្ហើមសេដ្ឋកិច្ច ក្នុងគោលដៅចូលរួមអភិវឌ្ឈប្រទេសជាតិយូរអង្វែង។

ក្នុងន័យនេះ ការផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីការរៀបចំផែនការរៀបចំដែនដីថ្នាក់ខេត្ត និងសៀវភៅណែនាំស្ដីពីការរៀបចំប្លង់គោលប្រើប្រាស់ដីរាជធានី ក្រុង ស្រុក ខណ្ឌ គឺពិតជាមានសារៈប្រយោជន៍សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាព និងពន្លឿនការងារនៃការរៀបចំប្លង់គោលប្រើប្រាស់ដីនៅទូទាំងប្រទេស សំដៅជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន៕

អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner