សម្តេច ហ៊ុន ម៉ាណែត អំពាវនាវអ្នកសារព័ត៌មានជាតិ-អន្តជាតិ រក្សាក្រមសីលធម៌ ខណៈប្រទេសជាតិ ស្ថិតក្នុងជម្លោះព្រំដែន

ភ្នំពេញ៖ តាមរយៈសារលិខិតផ្ញើរជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើទី២២ ស្តីពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ រក្សានូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ខណៈពេលដែលប្រទេសជាតិកំពុងស្ថិតក្នុងបញ្ហាជម្លោះព្រំដែន ។

សម្ដេចធិបតី បានលើកឡើងថា ជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ មិនត្រឹមតែមានការប៉ះទង្គិច ផ្នែកកម្លាំងប្រដាប់អាវុធប៉ុណ្ណោះទេ ប៉ុន្តែមានសមរភូមិជាច្រើន ដែលស្ថិតក្រោមផ្លូវច្បាប់នៃយុត្តាធិការអន្តរជាតិនយោបាយការទូត សមរភូមិព័ត៌មាន និងសាធារណមតិដែលភាគីជម្លោះ និងជនឱកាសនិយមបានប្រើប្រាស់គ្រប់មធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមតាមគ្រប់រូបភាពក្នុងគោលបំណងដណ្តើមយកប្រៀបខ្លាំង ឈ្នះនៅលើសមរភូមិយោធា នយោបាយ ការទូត និងសមរភូមិព័ត៌មាន នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)នេះ ។

សម្តេចធិបតី បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀត សូមរក្សានូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ដោយមិនត្រូវប្រឌិតព័ត៌មានដើម្បីញុះញង់នាំឱ្យកើតមានអរិភាពជាតិសាសន៍ ឬបង្កការយល់ច្រឡំមកលើគណៈកម្មការព្រំដែន រាជរដ្ឋាភិបាលកម្ពុជា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ដែលកំពុងអនុវត្តការងារវាស់វែង និងកំណត់បង្គោលព្រំដែនបណ្តោះអាសន្នដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង ។

សម្ដេចក៏បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានបន្តចូលរួមអនុវត្តនូវលក្ខខណ្ឌ គុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងគុណភាពព័ត៌មាននិងសុវត្ថិភាពព័ត៌មានឱ្យកាន់តែប្រសើរឡើង ព្រមទាំងបន្តចូលរួមប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយឱ្យខានតែបាន ជាពិសេសក្នុងអំឡុងពេលដែលប្រទេសជាតិកំពុងស្ថិតក្នុងបញ្ហាជម្លោះព្រំដែន និងអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានបន្តចូលរួមអនុវត្តឱ្យបានកាន់តែខ្ជាប់ខ្ជួននូវ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងគោលបំណងបន្តធានានូវបរិយាកាសល្អប្រសើរសម្រាប់ការអនុវត្តក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដើម្បីបង្កើនទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវ វិជ្ជាជីវៈរបស់ខ្លួន ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner