កម្ពុជា បានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ រយៈពេល ៥ឆ្នាំខាងមុខយ៉ាងម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ
ភ្នំពេញ៖ មន្ត្រីជំនាញលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា កម្ពុជា បានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ រយៈពេល ៥ឆ្នាំខាងមុខប្រកបដោយភាពម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ។
ក្នុងពិធីសម្ពោធការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០» ដែលជាឯកសារដ៏សំខាន់ សម្រាប់បន្តអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ក្រោមការចូលរួមពីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ព្រមទាំងលោក Vijay Kumar Akasam ប្រធានប្រតិបត្តិការបេសកកម្មនៅកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ» ជាផែនទីមគ្គុទ្ទេសក៍សម្រាប់អភិវឌ្ឍវិស័យហិរញ្ញវត្ថុរយៈពេលវែង ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ចំនួន៥លើក និងត្រូវបានដាក់ឲ្យអនុវត្ត អស់ប្រមាណ ២៥ឆ្នាំរួចមកហើយ, ដោយផ្តើមចេញពីការដាក់ឲ្យអនុវត្តនូវ ចក្ខុវិស័យ និង ផែនការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០០១-២០១០ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០ ត្រូវបានរៀបចំឡើងយ៉ាងម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយគណៈកម្មាធិការដឹកនាំការអភិវឌ្ឍ វិស័យហិរញ្ញវត្ថុ។ ជាលទ្ធផល យុទ្ធសាស្ត្រនេះ ត្រូវបានដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដែលជាយន្តការកម្រិតគោលនយោបាយ របស់រាជរដ្ឋាភិបាល, មុននឹងទទួលបាននូវការអនុម័តដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បន្ថែមថា បច្ចុប្បន្ន ទោះបីត្រូវប្រឈមនឹងការដាក់ពន្ធគយបដិការ និងការឈ្លានពានលើអធិបតេយ្យជាតិ និងបូរណភាពទឹកដីយ៉ាងណាក្តី, ក៏សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា អាចនឹងសម្រេចបានកំណើន ក្នុងរង្វង់ប្រមាណ ៥,២% ក្នុងឆ្នាំ២០២៥ និងប្រមាណ៥% សម្រាប់ឆ្នាំ២០២៦ខាងមុខ ។
លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងថា យុទ្ធសាស្ត្រសម្ពោធនាពេលនេះ គឺជាឯកសារដែលត្រូវបានធ្វើបច្ចុប្បន្នកម្មលើកទី៤ហើយ ដោយការធ្វើបច្ចុប្បន្នកម្មនេះ បង្ហាញពីការបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសំដៅគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ គួររំលេចថា យុទ្ធសាស្ត្រ ដែលត្រូវបានអនុវត្តកន្លងមក បានពង្រឹងមូលដ្ឋានគ្រឹះរបស់ប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយស្ថិរភាព ពិពិធកម្ម ទំនើប និងសមាហរណកម្ម។ លោកជំទាវបន្ដថា ទោះយ៉ាងណា ស្ថានភាពជុំវិញពិភពលោក មានការផ្លាស់ប្ដូរលឿន ជាមួយនឹងភាពមិនប្រាកដប្រជាខ្ពស់ បច្ចេកវិទ្យាហិរញ្ញវត្ថុបានផ្តល់នូវកាលានុវត្តភាព ដែលមិនធ្លាប់មានពីមុនមកប៉ុន្តែក៏នាំមកនូវភាពងាយរងគ្រោះថ្មីៗ វិបត្តិជំងឺកូវីដ-១៩ និងផលប៉ះពាល់ដែលបន្សល់ទុក បានធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល កំណើនសេដ្ឋកិច្ច និងនាំឱ្យប្រជាពលរដ្ឋមួយចំនួន ធ្លាក់ទៅក្នុងភាពក្រីក្រ។ ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងជម្លោះប្រដាប់អាវុធបានបង្កផលរំខានបន្ថែម ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ពាណិជ្ជកម្មអន្តរជាតិ ទំនុកចិត្តវិនិយោគិន និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោក កាន់តែមានភាពមិនច្បាស់លាស់ ។
លោកជំទាវទេសាភិបាល បានបន្ដថា ជាមួយនឹងចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ប្រព័ន្ធហិរញ្ញវត្ថុត្រូវតែមានសមត្ថភាព និងថាមវន្តដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលមានលក្ខណៈប្រទាក់ក្រឡាជាងមុន ការធ្វើសមាហរណកម្ម កាន់តែស៊ីជម្រៅ និងផលិតភាពខ្ពស់ជាងមុនផងដែរ ៕







អត្ថបទ៖ វណ្ណលុក, រូប៖ វ៉េង លីមហួត