លោក ត្រាំ ព្រមានថា សង្រ្គាមជាមួយវេណេស៊ុយអេឡានៅតែអាចទៅរួច
វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានធ្ងន់ៗថា រូបលោកមិនច្រានចោលឡើយ ចំពោះលទ្ធភាពផ្ទុះសង្គ្រាមជាមួយប្រទេសវេណេស៊ុយអេឡា ។
នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មាន NBC News កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយយ៉ាងដូច្នេះថា ខ្ញុំមិនច្រានចោលវាទេ ដោយលោកចង់ដល់ការធ្វើសង្គ្រាមជាមួយវេណេស៊ុយអេឡា ។
ហើយលោក ត្រាំ ក៏មិនបានបដិសេធ ការអះអាងដែលថា នឹងទម្លាក់លោកប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាច ដែលជាគោលដៅចុងក្រោយរបស់លោកនោះដែរ ។
ប្រធានាធិបតីអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ ក៏បានព្រមានដែរថា នឹងបន្តការរឹបអូសកប៉ាល់ដឹកប្រេងរំលោភទណ្ឌកម្មថែមទៀត បន្ទាប់ពីរូបលោកបានបញ្ជាឱ្យបិទផ្លូវនាវាដឹកប្រេងទាំងអស់ កាលពីថ្ងៃអង្គារ ដែលចូល និងចេញពីប្រទេសវេណេស៊ុយអេឡា ។
រដ្ឋបាលលោក ត្រាំ ក្នុងពេលប៉ុន្មានខែថ្មីៗនេះ បានបង្កើនសម្ពាធជាបន្តបន្ទាប់លើរបបដឹកនាំលោក ម៉ាឌូរ៉ូ ដោយដាក់ពង្រាយឧបករណ៍យោធាបន្ថែមទៀតទៅកាន់តំបន់ការ៉ាប៊ីន ក្រោមលេសអនុវត្តបេសកកម្មប្រឆាំងគ្រឿងញៀន ។
តួយ៉ាង យោធាអាមេរិកបានវាយប្រហារតាមអាកាសជាច្រើនលើកលើទូកដែលសង្ស័យថា ដឹកគ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់ការ៉ាប៊ីន និងប៉ាស៊ីហ្វិក ចាប់តាំងពីខែកញ្ញាមក ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៩នាក់ ៕
ប្រភព ៖ ស៊ីនហួរ និង AFP ប្រែសម្រួល ៖ ឈឹម ទីណា