ក្រុមការងារយេនឌ័រកងទ័ពជើងទឹក ផ្តល់អំណោយជូនគ្រួសារវីរកងទ័ពនិងជនភៀសសឹកជាង៦០០គ្រួសារកំពុងស្នាក់នៅខេត្តសៀមរាប
សៀមរាប ៖ នៅមណ្ឌលសុវត្ថិភាព នៃសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោកជំទាវ ចេង ស្រីវាសនា ទៀ សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រកងទ័ពជើងទឹក លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្តសៀមរាប បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ទៅជូនដល់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកចំនួន៦២០គ្រួសារ។
ក្នុងសកម្មភាពចែករំលែកការលំបាកខាងលើលោកជំទាវ ចេង ស្រីវាសនា ទៀ សុខា បានសម្តែងនូវការអាណិតអាសូរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលត្រូវចាកចោលផ្ទះសម្បែងមករកស្វែងរកសុវត្ថិភាព។ លោកជំទាវបានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីលះបង់របស់គ្រួសារវីរកងទ័ព ដែលមានស្វាមី និងកូនចៅ កំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខយ៉ាងក្លាហាន។
លោកជំទាវបានបញ្ជាក់ថា «សូមបងប្អូនកងទ័ពជួរមុខកុំព្រួយបារម្ភ ក្រុមគ្រួសារនៅសមរភូមិក្រោយ ត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់យ៉ាងខ្ពស់ ទាំងជីវភាពរស់នៅ សុខភាព និងសុវត្ថិភាព»។
លោក សាម ឡន ចៅសង្កាត់សាលាកំរើក បានឱ្យដឹងថា ចាប់តាំងពីមានឈ្លានពានពីកងយោធាថៃតាមបណ្តោយព្រំដែនមក ប្រជាពលរដ្ឋភៀសសឹកដែលបានមកស្នាក់នៅបណ្តោះអាសន្នជាមួយសាច់ញាតិក្នុងសង្កាត់សាលាកំរើក មានចំនួន ៦២០គ្រួសារ ស្មើនឹង ១៨៨៦នាក់។ កន្លងមកពួកគាត់ក៏ទទួលបានការយកចិត្តទុកដាក់ និងអំណោយសង្គ្រោះមួយចំនួនពីរដ្ឋបាលខេត្តនិងសប្បុរសជនផងដែរ៕
ដោយ៖ប៊ុន រដ្ឋា





