តើហេតុអ្វីបានជាពិបាកសម្រាប់ប្រទេសថៃ ដោយគ្រាន់តែនិយាយពាក្យថា «សន្តិភាពនិងឈប់បាញ់»

«ប្រជាជនកម្ពុជា និងប្រជាជនថៃ មានទស្សនៈរួមមួយ គឺចង់ដោះស្រាយជម្លោះព្រំដែននេះឱ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះចំពោះវិធីសាស្រ្តដោះស្រាយ។ ការប្រើកម្លាំងយោធាមិនមែនជាដំណោះស្រាយ។ វានឹងអូសបន្លាយគ្រប់ជំនាន់។ ការបន្តប្រើកម្លាំងយោធាដើម្បីដោះស្រាយគឺប្រៀបដូចជា «ទឹកក្តៅកំពុងតែពុះ»។ នៅពេលអ្នកប្រឹងបិទគម្របកំសៀវហើយថែមភ្លើង នោះនឹងធ្វើឱ្យទឹកកាន់តែពុះខ្លាំង ហៀរចេញមកក្រៅ រហូតដល់រីង។ ទីបំផុតអ្នកនឹងមិនទទួលបានអ្វីទាំងអស់។ ប៉ុន្តែប្រសិនបើយើងបើកគម្របកំសៀវ ពន្លត់ភ្លើង ហើយទុកឱ្យទឹកត្រជាក់ នោះយើងនឹងទទួលបានទឹកឆ្អិនពិសាទាំងអស់គ្នា»។

បើទោះបីជាមានសង្រ្គាមពាក្យសម្តីយ៉ាងខ្លាំងក្លារវាងប្រជាជនថៃ និងប្រជាជនកម្ពុជាចាប់តាំងពីមានជម្លោះព្រំដែន និងការឈ្លានពានរបស់ទាហានថៃមកលើប្រទេសកម្ពុជា ប្រជាជនកម្ពុជា និងប្រជាជនថៃមានទស្សនៈរួមមួយ គឺចង់ដោះស្រាយជម្លោះនេះឱ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះក្នុងការដោះស្រាយ។ ប្រទេសថៃព្យាយាមប្រើកម្លាំងយោធាដើម្បីឈ្លានពានប្រទេសកម្ពុជា និងបំផុសចលនាប្រជាជនថៃឱ្យគាំទ្រយុទ្ធនាការរបស់ខ្លួន ដោយយកហេតុផលមិនត្រឹមត្រូវថា នេះធ្លាប់ជាទឹកដីរបស់ថៃ និងសន្យាទាមទារយកមកវិញ។

ចំណែកប្រទេសកម្ពុជាព្យាយាមអត់ធ្មត់ និងដោះស្រាយជម្លោះដោយសន្តិវិធី ហើយប្រកាន់គោលការណ៍ការពារខ្លួននិងទឹកដីគឺ៖ «បើទាហានថៃមិនបាញ់វីរកងទ័ពកម្ពុជាមុនទេ វីរកងទ័ពកម្ពុជាមិនតបតទៅវិញទេ»។

ហេតុអ្វីបានជាពាក្យថា «សន្តិភាពនិងបទឈប់បាញ់»​ ពិបាកសម្រាប់ប្រជាជនថៃនិយាយចេញមក បើទោះបីខ្លួនបានទទួលស្គាល់ថា ទាហានថៃបានឈ្លានពានប្រទេសកម្ពុជាពិតមែន?

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ Miss World 2025 Opal Suchata បានជំរុញឱ្យយុវជនថៃស្វែងរក និងគាំទ្រសន្តិភាព នៅក្នុងពិធីទទួលពានរង្វាន់ Global Leadership Achievement Award នៅទីក្រុងបាងកក ប៉ុន្តែត្រូវបានប្រជាជនថៃរិះគន់យ៉ាងខ្លាំង។

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ Pravit Rojanaphruk អ្នកកាសែតជើងចាស់របស់ Khaosod English បានផ្តួចផ្តើមឱ្យមានការដើរដើម្បីសន្តិភាពនៅវេលាម៉ោង៣ល្ងាច នៅទីក្រុងបាងកក។ គាត់បានសង្ឃឹមថា ប្រហែលមានមនុស្សច្រើននាក់ចូលរួម។ ប៉ុន្តែផ្ទុយស្រឡះ គឺមានតែប្រជាជនថៃ៦នាក់ប៉ុណ្ណោះ រួមទាំងគាត់បានបង្ហាញខ្លួននៅទីក្រុងបាងកក និង១០នាក់នៅខេត្តឈាងម៉ៃ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ត្រូវបានរិះគន់យ៉ាងចាស់ដៃពីប្រជាជនថៃមួយចំនួនធំ។ បណ្តាថ្នាក់ដឹកនាំក្នុងជួរកងទ័ពថៃ បានពាក្យពេជន៍ និងសម្តែងអាកប្បកិរិយាធ្វើសង្រ្គាម ឈ្លានពាន បំបាក់ បំផ្លាញ និងទាមទារយកទីតាំងមួយចំនួនពីប្រទេសកម្ពុជា រហូតដល់ថ្នាក់ហ៊ានសម្លាប់ជនស៊ីវិលកម្ពុជា។

នៅក្នុងការបញ្ចេញមតិលើបណ្តាញសង្គម សារព័ត៌មាន យូធ្យូប របស់ថៃ ទាក់ទិននឹងជម្លោះព្រំដែនកម្ពុជា-ថៃ គឺភាគច្រើនជាទស្សនៈញុះញង់ និងជំរុញឱ្យកងទ័ពថៃបន្តប្រតិបត្តិការយោធា។ អ្នកទាំងនោះមិនបានគិត ឬគិតតិចតួចដល់ប្រជាជនភៀសសឹកថៃដែលជាអ្នករងគ្រោះពិតប្រាកដ។

ចំណែកប្រទេសកម្ពុជានិងប្រជាជនកម្ពុជាទូទាំងប្រទេស ទាំងក្មេងទាំងចាស់ ប្រុសស្រី គ្រប់សាសនា ស្រែកហៅរកសន្តិភាព និងធ្វើសកម្មភាពដើម្បីសន្តិភាព។

ខ្ញុំសូមសួរទៅរដ្ឋាភិបាលថៃនិងកងទ័ពថៃថា «តើអ្នកនៅស្រមៃចង់បានទឹកដីកម្ពុជា និងរកលេសធ្វើសង្រ្គាមដល់ពេលណា? អ្នកតែងតែយកវិធីដោះស្រាយចាស់ដែលដូនតាអ្នកបានធ្វើមកលើប្រទេសកម្ពុជាចាប់តាំងពីសតវត្សរ៍ទី១៨ មកអនុវត្តលើប្រទេសកម្ពុជានៅសតវត្សរ៍ទី២១នេះទៀត? តើអ្នកគិតថា ប្រទេសកម្ពុជានៅតែបណ្តោឱ្យអ្នកធ្វើបែបនេះទៀតឬយ៉ាងណា?

ខ្ញុំសូមសួរទៅប្រជាជនថៃថា «តើអ្នកឆ្ងល់ទេថា ប្រសិនបើទឹកដីនេះធ្លាប់ជាទឹកដីរបស់អ្នក ហេតុអ្វីបានជាប្រជាជនកម្ពុជាហៅអ្នកថាជាចោរតជំនាន់រហូតមកដល់សព្វថៃ្ងនេះ? អ្នកឮឬធ្វើមិនឮ? តើអ្នកដឹងឬធ្វើមិនដឹង?

ខ្ញុំយល់ថា ប្រសិនបើប្រទេសថៃពិតជាចង់ដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសកម្ពុជាត្រឹមជំនាន់នេះមែន ហើយបញ្ចប់ឱ្យបានឆាប់នោះដំណោះស្រាយល្អសម្រាប់ប្រទេសយើងទាំងពីរគឺ៖
•កងទ័ពថៃ ឈប់បាញ់
•ដោះស្រាយជម្លោះដោយសន្តិវិធីនិងមានភាគីទី៣ចូលរួម ព្រោះការដោះស្រាយតែរវាងប្រទេសកម្ពុជានិងប្រទេសថៃគឺលែងមានប្រសិទ្ធិភាពហើយ។
•វិលទៅរកការអនុវត្តសេចក្តីប្រកាសរួមដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡុំពួរកាលពីខែតុលា ឆ្នាំ២០២៥។
•ឈប់ព្យាយាមរកលេសសង្រ្គាមទៀត

ដូច្នេះការប្រើកម្លាំងយោធាដើម្បីដោះស្រាយជម្លោះព្រំដែនមិនងាយចប់ ហើយនឹងអូសបន្លាយគ្រប់ជំនាន់។ ការបន្តប្រើកម្លាំងយោធាដើម្បីដោះស្រាយជម្លោះ គឺប្រៀបដូចជា «ទឹកក្តៅកំពុងតែពុះ»។ នៅពេលអ្នកប្រឹងបិទគម្របហើយថែមភ្លើង នោះនឹងធ្វើឱ្យទឹកកាន់តែពុះខ្លាំង ហៀរចេញមកក្រៅ រហូតដល់រីង។ ទីបំផុតអ្នកនឹងមិនទទួលបានអ្វីទាំងអស់។ ប៉ុន្តែប្រសិនបើយើងបើកគម្របកំសៀវ ពន្លត់ភ្លើង ហើយទុកឱ្យទឹកត្រជាក់ នោះយើងនឹងទទួលបានទឹកឆ្អិនពិសាទាំងអស់គ្នា។

ads banner