ក្រសួងការពារជាតិ៖ យោធាថៃបាញ់លើជនស៊ីវិលគិតរហូតមកដល់ល្ងាចថ្ងៃទី២២ ខែធ្នូ បណ្តាឱ្យពលរដ្ឋកម្ពុជាចំនួន២១នាក់បានស្លាប់ និងរងរបួស ៨៣នាក់

ភ្នំពេញ៖ គិតមកដល់ល្ងាចថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០២៥យោធាថៃដែលនៅតែបន្តការបាញ់ប្រហារ មិនរើសមុខថាជាទីតាំងយោធា ឬជាទីតាំងជនស៊ីវិលរបស់កម្ពុជាសោះឡើយ ហើយរហូតមកដល់ពេលនេះពលរដ្ឋស្លូតត្រង់របស់កម្ពុជាចំនួន២១នាក់ហើយបានស្លាប់ ក្នុងនោះមានទារកម្នាក់ផងដែរ ខណៈអ្នករងរបួសបានកើនឡើងចំនួន៨៣នាក់។
ថ្លែងក្នុងសន្និសីទសារព័តមាននាព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងថាក្នុងការបាញ់ប្រហារមកលើជនស៊ីវិល និងអធិបតេយ្យភាពកម្ពុជាច្រើនទីតាំងពួកយោធាថៃបានប្រើប្រាស់នូវសព្វាវុធធុនធ្ងន់ដែល មានសមត្ថភាពក្នុងការបំផ្លិចបំផ្លាញខ្ពស់គ្រប់ប្រភេទ រួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F-16 រថយន្ត បាញ់រ៉ុក្កែត DTI-2 ដ្រូនទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់ ដើម្បីទន្ទ្រានយកទឹកដីរបស់កម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងបញ្ជាក់ដែរថារាល់ទង្វើនិង សកម្មភាពព្រៃផ្សៃពីសំណាក់យោធាថៃដែលគ្មានទំនួលខុសត្រូវ និងខុសច្បាប់បែបនេះបានបង្កជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរមិនត្រឹមតែសម្រាប់សន្តិភាព ស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តាលឱ្យប៉ះពាល់ទៅដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិថែមទៀតផង។
ជាមួយគ្នានេះក្រសួងការពារជាតិបានអំពាវ ឱ្យសហគមន៍អន្តរជាតិធ្វើការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានទៅលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រួមនឹងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមរបស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលមកលើអធិបតេយ្យភាពកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិបាន អំពាវនាវឱ្យថៃបញ្ឈប់នូវរាល់សកម្មភាពអរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគម្រាមកំហែងដល់ ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ ហើយកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងការអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃប្រកបដោយសុឆន្ទៈ និងទំនួលខុសត្រូវខ្ពស់បំផុត៕

ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner