បេក្ខជនជាង១៦.០០០នាក់ ចូលរួមប្រឡងប្រជែងជ្រើសរើស សិស្សមន្ត្រីក្រមចំនួន២០៥កន្លែង
ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការជំនាន់ ទី១២នៃសាលាភូមិន្ទរដ្ឋបាល បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ដោយមានការអញ្ជើញបើកវិញ្ញាសាជានិមិត្តរូបដោយផ្ទាល់ ពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមុខងារ សាធារណៈ។ការប្រឡងនេះក្នុងគោលដៅផ្តល់មន្ត្រីក្របខ័ណ្ឌ បម្រើការងារតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន២០៥កន្លែង។
អាន៖ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទឆ្នាំ២០២៥នេះក្នុងគោលដៅផ្តល់មន្ត្រីក្របខ័ណ្ឌដើម្បីបម្រើការងារតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន ២០៥កន្លែង ខណៈ មានបេក្ខជនចំនួន ១៦.៤៣៥នាក់ដែលមានសិទ្ធចូលរួម ប្រឡងប្រជែង។
ក្នុងឱកាសបើកវិញ្ញាសាជានិមិត្តរូបដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ក៏មានការចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជន កម្ពុជា ព្រមទាំងអ្នកសារព័ត៌មាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្នុងឱកាសនេះថា ការប្រឡងប្រជែងនាពេលនេះ ជាការប្រឡងប្រជែងលើកទី៥២ ដែលក្រសួងមុខងារសាធារណៈ បានដឹកនាំរៀបចំ។ វិញ្ញាសាទើប នឹងតាក់តែងនៅពេលព្រឹកមិញនេះទេ ដោយគណៈកម្មការបានជ្រើសរើសសំណួរចំនួន១០០ ចេញពីសំណួរប្រមាណ១៥០ ដើម្បីដាក់ជូនបេក្ខជនប្រឡងក្នុងពេលរសៀលនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់អំពីសុក្រឹតភាពក្នុងការប្រឡងដោយការអះអាងថា ” គ្រប់សន្លឹកកិច្ចការទាំងអស់ មានចុះ ហត្ថលេខា កាលបរិច្ឆេទ និងឈ្មោះរបស់ខ្ញុំ ដើម្បីធានាថា វិញ្ញាសាទាំងអស់ មិនមាននរណាម្នាក់បានទទួល ឬដឹងមុនឡើយ។”
គប្បីជម្រាបជូនថា បេក្ខជនត្រូវឆ្លងកាត់ការប្រឡងប្រជែង ២វិញ្ញាសា។ វិញ្ញាសាសរសេរលើកទី១ រៀបចំឡើងនាសម័យប្រឡងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈវិញ្ញាសាសំណួរពហុចម្លើយ ដើម្បីសម្រាំងយក ៣ដងនៃចំនួនបេក្ខជនជ្រើសរើសចុងក្រោយ (ឬប្រមាណ៦០០នាក់)។ វិញ្ញាសាសរសេរលើកទី២ នឹងរៀបចំឡើង នាសម័យប្រឡងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលប្រឡង សាលាភូមិន្ទរដ្ឋបាល លើវិញ្ញាសាអធិប្បាយ និងភាសាអង់គ្លេស ឬភាសាបារាំង ដើម្បីជ្រើសរើសយកបេក្ខជនចុងក្រោយ ២០៥នាក់ ជាបេក្ខជនជាប់ស្ថាពរ។
គួរបញ្ជាក់ថា ស្របពេលជាមួយគ្នានេះ មណ្ឌលប្រឡងប្រជែងទាំង៣ ផ្សេងទៀតរួមមាន៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង, វិទ្យាស្ថានជាតិ អប់រំ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានចាប់ផ្តើមការប្រឡង ប្រជែងនៅម៉ោង ១៤រសៀល លើវិញ្ញាសាសំណួរពហុចម្លើយ ដូចគ្នាផងដែរ។ បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសា សរសេរលើកទី១ ទើបត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងវិញ្ញាសាសរសេរលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖វ៉េង លឹមហួត








