ក្រសួងការបរទេសប្រាប់អង្គទូតប្រចាំកម្ពុជាថា ថៃ ដដែលៗនៅតែប្រើប្រាស់បញ្ហាមីន ដើម្បីបំភាន់ភ្នែកអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការក្រសួងការបរទេស បានប្រាប់បណ្តាអង្គទូតប្រចាំនៅកម្ពុជាថា បញ្ហាមីនជានិទានកថាដដែល ដែលប្រទេសថៃតែងប្រើប្រាស់ដើម្បីបំភាន់ភ្នែកអន្តរជាតិ ចំពោះទង្វើឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជា ខណៈយោធា
ថៃនៅតែបន្តបាញ់ប្រហារចូលទីតាំងស៊ីវិលក្នុងថ្ងៃសុក្រទី២៦ ធ្នូនេះ។
ក្នុងជំនួបជាមួយ តំណាងស្ថានបេសកកម្មការទូតប្រចាំនៅកម្ពុជាចំនួន២១កាលពីល្ងាចថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ចំនួនប្រាំចំណុច។ក្នុងនោះមានអំពីកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលកំពុងប្រព្រឹត្តទៅពីថ្ងៃទី២៤ខែធ្នូសម្រាប់កិច្ចប្រជុំរយៈពេលបីថ្ងៃ។សកម្មភាពការវាយប្រហារដោយប្រដាប់អាវុធយ៉ាងគឃ្លើនដោយកងកម្លាំងប្រដាប់អាវុធថៃមកលើទឹកដីកម្ពុជា មិនរើសទីតាំងរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើតំបន់ដែលមានប្រជាជនរស់នៅរបស់កម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និងខេត្តកោះកុង។
មានចំណុចមួយទៀតដែលមន្រ្តីក្រសួងការបរទេសកម្ពុជា បានទាញការចាប់អារម្មណ៍ពីបណ្ដាអង្គទូតចូលរួមនោះគឺបញ្ហាមីន។ ឯកឧត្តម នង សាកល ដែលប្រទេសថៃប្រើប្រាស់ជានិទានកថា ដើម្បីបំភាន់ភ្នែកអន្តរជាតិ ចំពោះទង្វើឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជា ។
ឯកឧត្តម នង សាកល បានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះបទឈប់បាញ់ភ្លាមៗ និងការរក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងអនុវត្តការអត់ធ្មត់ជាអតិបរមា និងបន្តផ្តល់អាទិភាពលើកិច្ចសន្ទនា ការទូត និងដំណោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ មានដូចជា បទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ។
ដោយឡែកស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ក្រសួងការបរទេស








