សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី៧
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំជាលើកទី៣ របស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី៧ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ លោកជំទាវអនុប្រធាន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា សមាជិក-សមាជិកាគណៈកម្មាធិការកណ្តាល និងក្រុមប្រតិបត្តិ សរុបចំនួន ៣១រូប នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ។
កិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ របស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី៧ កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥
មានរបៀបវារៈសំខាន់ៗមួួយចំនួនក្នុងនេះ ឆ្លងសេចក្តីព្រាង របាយការណ៍បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រ ឆ្នាំ២០២៦,ឆ្លងសេចក្តីព្រាង របាយការណ៍ចំណូល-ចំណាយមូលនិធិ ឆ្នាំ២០២៥, ស្នើសុំការអនុម័ត របាយការណ៍បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រ ឆ្នាំ២០២៦ និងផែនការចំណាយមូលនិធិជាអាទិភាពសម្រាប់ឆ្នាំ២០២៦។
ក្នុងឳកាសនេះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជម្រាបអង្គប្រជុំនូវរបាយការណ៍បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រ បានរំលេចអំពីការឆ្លើយតបភ្លាមៗក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋភៀសសឹក ព្រមទាំង ផ្តល់កម្លាំងចិត្តដល់វីរយុទ្ធជនរបួស និងរំលែកទុក្ខលំបាកគ្រួសារវីរយុទ្ធជនពលី ជាមួយនឹងផ្ដោតលើការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ និងវិស័យអាទិភាពការអភិវឌ្ឍស្ថាប័ន។
បន្ថែមលើការងារចំពោះមុខសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក និងបានផ្ដល់អនុសាសន៍ដល់ក្រុមប្រតិបត្តិ សូមបន្តការងារដោយការទទួល ខុសត្រូវ ត្រូវមានកិច្ចសហការគ្នា សាមគ្គីគ្នា ដើម្បីសម្រេចបានលទ្ធផលក្នុងការជួយដល់ប្រជាពលរដ្ឋ កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលល្អជាងមុន ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានជំរុញលើកទឹកចិត្តឱ្យសកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា កាន់តែសកម្ម ផុសផុលឡើង នៅតាមគ្រឹះស្ថានសិក្សា និងនៅតាមសហគមន៍រៀងៗខ្លួន។
អង្គប្រជុំបានឆ្លងសេចក្តីព្រាង របាយការណ៍ចំណូល-ចំណាយមូលនិធិ ឆ្នាំ២០២៥ ព្រមទាំងបានស្នើសុំការអនុម័ត របាយការណ៍បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រ ឆ្នាំ២០២៦ និងផែនការ ចំណាយមូលនិធិជាអាទិភាពសម្រាប់ឆ្នាំ២០២៦ ព្រមទាំងបានពិភាក្សាលើបញ្ហាផ្សេងៗមួយចំនួនទៀតផងដែរ ៕
ដោយ៖គ្រី សម្បត្តិ








