កម្ពុជា-ថៃ ឯកភាពប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែន បន្ដអនុវត្ដការងារវាស់វែង និងខណ្ឌសីមាព្រំដែន ឱ្យបានឆាប់
ភ្នំពេញ៖ កម្ពុជា-ថៃ បានឯកភាព ប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែន បន្ដអនុវត្ដការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្ដិភាពយូរអង្វែងតាមបណ្ដោយព្រំដែន។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ GBC នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ជាមួយគ្នាភាគីទាំងពីរ ក៏បានឯកភាពថា នឹងប្រើប្រាស់យន្ដការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែន ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជាន់មីន និងឯកភាពថា គណៈកម្មការចម្រុះព្រំដែន នឹងផ្ដល់អាទិភាពខ្ពស់បំផុត ចំពោះការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ ។

គួរបញ្ជាក់ថា កម្ពុជា-ថៃ បានឯកភាពចំពោះរាល់ការព្រមព្រៀងក្រោមសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ GBC មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្ដរជាតិ រវាងប្រទេសទាំងពីរនោះទេ៕ ដោយ វណ្ណលុក






