រុស្ស៊ី ថា ជិតឈានដល់សន្តិភាពជាមួយអ៊ុយក្រែន

មូស្គូ ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយថា ជិតឈានដល់ដំណោះស្រាយសន្តិភាព ជាមួយអ៊ុយក្រែន។

បើតាមសារព័ត៌មាន RT, អ្នកការទូតរូបនេះ បានអះអាង ប្រាប់កម្មវិធីទូរទស្សន៍ «៦០នាទី» កាលពីថ្ងៃសុក្រ ថា វឌ្ឍនភាពសំខាន់ៗ ត្រូវបានធ្វើឡើង ដើម្បីឈានទៅដល់ការដោះស្រាយសន្តិភាព នៅក្នុងជម្លោះអ៊ុយក្រែន។

អ្នកការទូតជាន់ខ្ពស់រូបនេះ បាននិយាយថា «ថ្ងៃទី២៥ ខែធ្នូ បានកត់សម្គាល់ នូវព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងដំណើរការសន្តិភាព…វាគឺជាពេលដែលយើងខិតជិត ដល់ដំណោះស្រាយហើយ»។ ទោះបីជាយ៉ាងណា លោកមិនបានលម្អិត អំពីព្រឹត្តិការណ៍នេះទេ។

ប៉ុន្តែ ការលើកឡើងនេះ បានធ្វើឡើង បន្ទាប់ពីបេសកជនប្រធានាធិបតីរុស្ស៊ី បានពិភាក្សាជាមួយបេសកជនពិសេសរបស់សេតវិមាន កាលពីសប្តាហ៍មុន។ សេចក្តីព្រាងផែនការសន្តិភាពដែលបានពិភាក្សា ក្នុងអំឡុងពេលកិច្ចប្រជុំនោះ ត្រូវបានដាក់ជូនប្រធានាធិបតីរុស្ស៊ី រួចរាល់។

យ៉ាងណា សារព័ត៌មានដដែលនេះ បានបញ្ជាក់ថា កាលពីដើមសប្តាហ៍ ប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញនូវសំណើសន្តិភាព ២០ចំណុចថ្មី ត្រៀមជួបចរចាជាមួយអាមេរិក។ ត្រង់ន័យនេះ លោក រីយ៉ាបកូវ អះអាងថា «ផែនការរបស់ ទីក្រុងគៀវ គឺខុសគ្នាយ៉ាងខ្លាំង ពី២៧ចំណុច ដែលយើងកំពុងធ្វើការជាមួយភាគីអាមេរិក…ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ កន្លងមកនេះ»។

លោក រីយ៉ាបកូវ ថែមទាំងបានព្រមានថា ខណៈពេលដែលវឌ្ឍនភាពត្រូវបានសម្រេច ទីក្រុងគៀវ និង អឺរ៉ុប បានប្តេជ្ញាចិត្ត ក្នុងការធ្វើឲ្យមានព្យុះភ្លៀង រំខានលើកិច្ចព្រមព្រៀងសន្តិភាពនេះ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner