ព្យុះរដូវរងារបង្ខំអាមេរិកលុបការហោះហើរ ជាង១ពាន់ជើង
វ៉ាស៊ីងតោន ៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកនានា បានសម្រេចលុបចោល ការហោះហើរជាង ១,០០០ជើង ដោយសារតែព្យុះរដូវរងារ Devin។
ក្រុមហ៊ុនអាកាសចរណ៍ នៅសហរដ្ឋអាមេរិក បានលុបចោល ឬ ពន្យារពេលជើងហោះហើររាប់ពាន់ជើង កាលពីថ្ងៃសុក្រ អំឡុងពេលធ្វើដំណើរកម្សាន្តវិស្សមកាលកំពូល ខណៈដែលរដ្ឋមួយចំនួន រឹតបន្តឹងការធ្វើចរាចរណ៍ផ្លូវពាណិជ្ជកម្ម ក្នុងការប្រមើលមើល អំពីការធ្លាក់ព្រិល។
ជើងហោះហើរសរុបចំនួន ១,៨០២ ជើង ត្រូវបានលុបចោល ហើយ ២ម៉ឺន២ពាន់៣៤៩ជើងហោះហើរ ផ្សេងទៀត ត្រូវបានពន្យារពេល នៅម៉ោង ៤រសៀល នេះបើយោងតាមគេហទំព័រតាមដានការហោះហើរ FlightAware ។
សេវាអាកាសធាតុជាតិ បានចេញការព្រមានអំពីព្យុះរដូវរងា Devin ដែលនឹងបង្កគ្រោះថ្នាក់ ដល់ការធ្វើដំណើរ ទៅកាន់ភាគខាងជើង Mid-Atlantic និង ភាគខាងត្បូង New England រហូតដល់ព្រឹកថ្ងៃសៅរ៍។
អ្នកនាំពាក្យ មកពីបណ្តាក្រុមហ៊ុនអាកាសចរណ៍ រួមមាន American Airlines, United Airlines និង JetBlue បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ក្រុមហ៊ុនដឹកជញ្ជូន មិនបានគិតថ្លៃ សម្រាប់ការផ្លាស់ប្តូរ លើការកក់ឡើងវិញ របស់អ្នកធ្វើដំណើរ ដែលផែនការរបស់ពួកគេ អាចនឹងរងផលប៉ះពាល់៕
ប្រភពពី រយធឺ ប្រែសម្រួល៖ សារ៉ាត
