UN សង្ឃឹមថា បទឈប់បាញ់ ត្រួសត្រាយផ្លូវទៅរកសន្តិភាពកម្ពុជា-ថៃ
អ.ស.ប ៖ អង្គការសហប្រជាជាតិ ហៅកាត់ UN បានបង្ហាញពីការសង្ឃឹម ជឿជាក់ថា បទឈប់បាញ់ រវាងកម្ពុជា និងថៃ នឹងត្រួសត្រាយផ្លូវ ទៅរកសន្តិភាព សម្រាប់ប្រទេសទាំងពីរ។
តាមរយៈការលើកឡើង កាលពីថ្ងៃសៅរ៍ អង្គការសហប្រជាជាតិសង្ឃឹមថា បទឈប់បាញ់ភ្លាមៗ ដែលបានព្រមព្រៀង កាលពីថ្ងៃទី២៧ ខែធ្នូ ដោយប្រទេសកម្ពុជា និងថៃ នឹងនាំទៅដល់ការកសាងទំនុកចិត្ត និងសន្តិភាព រវាងប្រទេសទាំងពីរ។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន AFP, លោក Volker Turk ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានប្រកាសស្វាគមន៍ចំពោះព័ត៌មាន ដែលថា ប្រទេសថៃ និងកម្ពុជា បានព្រមព្រៀងលើបទឈប់បាញ់ ហើយសង្ឃឹមថា «ការណ៍នេះនឹងត្រួសត្រាយផ្លូវ សម្រាប់ការកសាងទំនុកចិត្ត និងសន្តិភាព»។
គួរឲ្យដឹងដែរថា ក្រៅពីអង្គការសហប្រជាជាតិ ក៏ មានសហភាពអឺរ៉ុប, អាមេរិក, ចិន និងបណ្តាប្រទេសជាច្រើនទៀត បានប្រកាសស្វាគមន៍ បទឈប់បាញ់នេះ ផងដែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត