រុស្ស៊ី ថា យកបានទីក្រុង ២ទៀត នៅភាគខាងកើតអ៊ុយក្រែន
មូស្គូ ៖ រុស្ស៊ីបានអះអាង កាលពីថ្ងៃសៅរ៍ថា ទើបតែដណ្តើមយកទីក្រុង ចំនួន២ បន្ថែមទៀត នៅភាគខាងកើត អ៊ុយក្រែន នៅមួយថ្ងៃ មុនពេលដែលមានជំនួបកំពូល រវាងលោក ហ្សេលែនស្គី និង លោក ដូណាល់ ត្រាំ។
សេចក្តីថ្លែងការណ៍ របស់វិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលរបាយការណ៍ ពីបញ្ជាការយោធាស្តីអំពី «ការរំដោះតំបន់ Dimitrov ដែលរុស្ស៊ីហៅថា ក្រុង Myrnograd និង ក្រុង Guliaipole» ។
លោក ពូទីន បាននិយាយ ដែលចេញផ្សាយតាមទូរទស្សន៍ ថា ការវាយលុកលើតំបន់ទាំងពីរ ពីសំណាក់កម្លាំងរណសិរ្ស គឺ ជាការបង្កើនសម្ពាធ លើកងទ័ពអ៊ុយក្រែន។ លោក ពូទីន បានគូសបញ្ជាក់ថា «ប្រសិនបើអាជ្ញាធរ នៅទីក្រុង Kyiv មិនចង់ដោះស្រាយរឿងនេះ ដោយសន្តិវិធី យើងនឹងដោះស្រាយបញ្ហាទាំងអស់ នៅចំពោះមុខយើង ដោយមធ្យោបាយយោធា»។
ការប្រកាសរបស់ទីក្រុងមូស្គូ អំពីភាពជឿនលឿនចុងក្រោយនេះ កើតមានឡើង មួយថ្ងៃ មុនពេល លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន ទៅដល់សហរដ្ឋអាមេរិក សម្រាប់រៀបចំកិច្ចពិភាក្សា ជាមួយលោកប្រធានាធិបតី Donald Trump លើផែនការ ដែលលោកបានគូសឡើង ដើម្បីបញ្ឈប់ការប្រយុទ្ធ។
គួរបញ្ជាក់ថា ក្រុង Myrnograd ស្ថិតនៅក្នុងតំបន់ Donetsk នៃប្រទេសអ៊ុយក្រែន នៅជិតតំបន់ Pokrovsk ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់។ រីឯ ក្រុង Guliaipole ស្ថិតនៅភាគខាងកើតនៃតំបន់ Zaporizhzhia ជាកន្លែងដែលរុស្ស៊ី ពិបាកគ្រប់គ្រង ប៉ុន្តែ បានបង្កើនល្បឿន កាន់កាប់ ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗនេះ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត