ស្ងាត់ៗ រុស្ស៊ីដាក់ពង្រាយមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅបេឡារុស កម្លាអឺរ៉ុប

មូស្គូ ៖ រុស្ស៊ីប្រហែលជាកំពុងដាក់ពង្រាយមីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំលេងថ្មី ដែលមានសមត្ថភាពផ្ទុកក្បាលនុយក្លេអ៊ែរ នៅឯអតីតមូលដ្ឋានទ័ពអាកាសមួយកន្លែង ស្ថិតនៅភាគខាងកើតប្រទេសបេឡារុស ដែលអាចវាយប្រហារទូទាំងទ្វីបអឺរ៉ុប ក្នុងករណីសង្គ្រាមផ្ទុះឡើង ។ នេះបើតាមការអះអាងរបស់អ្នកស្រាវជ្រាវអាមេរិកពីររូប ដោយផ្អែកតាមរូបភាពពីផ្កាយរណប ។

អ្នកស្រាវជ្រាវនិយាយថា ពួកគេប្រាកដ ៩០% ថា ជើងទម្រចល័តសម្រាប់បាញ់មីស៊ីល Oreshnik ទំនងត្រូវបានដាក់ពង្រាយនៅឯអតីតមូលដ្ឋានទ័ពអាកាសក្បែរទីក្រុង Krichev មានចម្ងាយប្រហែល ៣០៧គីឡូម៉ែត្រ ភាគខាងកើតរដ្ឋធានីបេឡារុស និងចម្ងាយ ៤៧៨គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងមូស្គូ ។

យោងតាមអ្នកជំនាញមួយចំនួន, ការដាក់ពង្រាយមីស៊ីល Oreshnik នេះ គឺជាចេតនាគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ កុំឱ្យសមាជិកណាតូផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ដែលអាចវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី ។

ការវាយតម្លៃខាងលើនេះ គឺស្របនឹងការរកឃើញជាទូទៅរបស់ចារកម្មអាមេរិក ខណៈកន្លងមក លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក៏ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ពីចេតនារបស់លោកផងដែរ ក្នុងការដាក់ពង្រាយមីស៊ីល Oreshnik ដែលអាចវាយប្រហារក្នុងចម្ងាយដល់ទៅ ៥,៥០០គីឡូម៉ែត្រនៅលើទឹកដីបេឡារុស ប៉ុន្តែទីតាំងពិតប្រាកដមិនត្រូវបានគេរាយការណ៍ពីមុនមកនោះទេ ៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner